ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

Kim Soo Hyun បន្តបដិសេធពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Kim Sae Ron

១២ មីនា ២០២៥ | កម្សាន្ដ

 

ទីភ្នាក់ងាររបស់ Kim Soo Hyun បានបដិសេធជាថ្មីម្តងទៀតនូវការចោទប្រកាន់ថាលោកមានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងវ័យជំទង់ ខណៈមានការអះអាង និងភស្តុតាងថ្មីៗលេចចេញបន្តបន្ទាប់។

 


នៅថ្ងៃទី ១២ ខែមីនានេះ ផលិតកម្មរបស់តារាសម្ដែងកូរ៉េ Kim Soo Hyun បានបដិសេធជាថ្មីម្តងទៀតចំពោះការចោទប្រកាន់ថាលោកមានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែង Kim Sae Ron តាំងពីនាងមានអាយុ ១៥ឆ្នាំ ទោះបីជាមានការអះអាង និងភស្តុតាងថ្មីៗលេចចេញបន្តបន្ទាប់ក៏ដោយ។

 


ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីគណនីយូធូប Hoverlab បានចេញផ្សាយសារ និងរូបថតមួយចំនួនកាលពីថ្ងៃទី ១១ ខែមីនា ដោយអះអាងថា ជាសារផ្ញើពី Kim Sae Ron ទៅកាន់ Kim Soo Hyun មានខ្លឹមសារ សុំអង្វរឱ្យទុកពេលឱ្យនាងដើម្បីសងប្រាក់ដែលនាងជំពាក់ក្រុមហ៊ុន។ ក្នុងនោះនាងបានសរសេរថា៖ “សួស្ដី Oppa នេះគឺខ្ញុំ Kim Sae-ron ខ្ញុំបានទទួលការជូនដំណឹងថាបងកំពុងប្ដឹងខ្ញុំ។

 

 

ពេលនេះខ្ញុំកំពុងត្រៀមខ្លួនសម្រាប់ការត្រឡប់ចូលសិល្បៈវិញ ហើយក៏គ្រោងនឹងសងប្រាក់វិញបន្តិចម្តងៗដែរតាមរយៈចំណូលពីគម្រោងនីមួយៗ។ ខ្ញុំមិនគេចវេះទេ តែខ្ញុំមិនអាចសងប្រាក់ទាំង ៧០០ លានវ៉ុន (ប្រហែល ៤៨ ម៉ឺនដុល្លារ) ក្នុងពេលឥឡូវនេះបានទេ។ សូមទុកពេលឱ្យខ្ញុំផង ខ្ញុំអង្វរបង សូមជួយខ្ញុំផង”។

 


កាលពីថ្ងៃទី១១ ខែមីនា Gold Medalist បានឆ្លើយតបទៅនឹងការអះអាងរបស់គ្រួសារ Kim Sae-ron និង Channel Youtube Hoverlab ដោយបញ្ជាក់ថា៖ “ការចោទប្រកាន់លើ Kim Soo Hyun គឺខុសទាំងស្រុង។ រឿងនេះមិនខុសអ្វីក្រៅពីការយាយីតាមអ៊ីនធឺណិតដូចគ្នាដែល Kim Sae-ron ត្រូវទទួលរងនៅពេលនាងមានជីវិតនោះទេ”។

 


គួររំឭកថា Kim Sae-ron ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលចំថ្ងៃខួបកំណើតរបស់ Kim Soo-hyun តែម្ដង។ ខណៈពេលនេះ គណនីបណ្ដាញសង្គមរបស់ Kim Soo-hyun ត្រូវបានវាយប្រហារដោយមតិអវិជ្ជមានជាច្រើន ខណៈមហាជនលើអ៊ិនធឺណិតកំពុងអំពាវនាវឱ្យមានការដកលោកចេញពីគម្រោងភាពយន្ត និងតំណែង BA ទាំងអស់ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025