ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

Lisa ក្រុម BLACKPINK ចូលរួមសម្ពោធភាពយន្តដំបូងរបស់ខ្លួននៅហូលីវូដ

១២ កុម្ភៈ ២០២៥ | កម្សាន្ដ

 

តារារ៉េប Lisa សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើនដើម្បីសម្ពោធភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”។

 

 


នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈនេះ ភាពយន្តភាគអាមេរិក 'The White Lotus' នឹងចាប់ផ្ដើមចាក់បញ្ចាំងរដូវកាលទី ៣ ដោយមានសាច់រឿងបង្ហាញពីអ្នកទេសចរអាមេរិកពោរពេញដោយបញ្ហាមួយក្រុមបានធ្វើដំណើរទៅកាន់រមណីយដ្ឋានប្រណីតក្នុងប្រទេសថៃ។

 

 

កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រុមតារាសម្ដែងសំខាន់ៗក្នុងរឿងភាគបែបឃាតកម្មអាថ៌កំបាំងដ៏ល្បីល្បាញមួយនេះ ដែលរួមមានទាំង Lisa សមាជិកក្រុម BLACKPINK ក៏បានជួបជុំគ្នានៅ Paramount Studio ក្នុងសង្កាត់ Hollywood សម្រាប់កម្មវិធីសម្ពោធនិងបញ្ចាំងពិសេស។

 

 

ក្រុមអ្នកទេសចរដែលមានទ្រព្យស្តុកស្តម្ភក្នុងវគ្គនេះ ត្រូវបានសម្តែងដោយតារាល្បីៗអាមេរិក រួមមាន តារាប្រុស Walton Goggins, តារាស្រី Parker Posey, តារាស្រី Leslie Bibb និង តារាស្រី Carrie Coon ខណៈ Lisa ដើរតួជាបុគ្គលិកសណ្ឋាគារក្នុងប្រទេសថៃ។ តួអង្គមួយចំនួនក្នុងវគ្គមុនក៏បានវិលត្រលប់មកវិញក្នុងរដូវកាលនេះដែរ។

 

 

ផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីនោះ Lisa បានចែករំលែកថា ដោយសារនេះជាការសម្ដែងរឿងលើកដំបូងរបស់នាង នាងពិតមានអារម្មណ៍រំភើបនិងភ័យខ្លាំង ប៉ុន្តែនាងក៏បានអរគុណដល់ក្រុមការងារនិងអ្នកសម្ដែងផ្សេងទៀតបានជួយនាងយ៉ាងពេញទំហឹង កំលុងពេលដែលពួកគេថតនៅក្នុងប្រទេសថៃ។

 


ក្រៅពីអ្នកដឹកនាំនិងអ្នកសម្ដែងក្នុងរឿង វត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីបញ្ចាំងពិសេសនេះដែរគឺការចូលរួមរបស់តារាសម្ដែងជើងចាស់ Arnold Schwarzenegger ដែលបានមកគាំទ្រកូនប្រុសរបស់លោកឈ្មោះ Patrick ដែលបានដើរតួក្នុងរឿងនេះដែរ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025