ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ដូណាល់ ត្រាំ ចាប់ផ្តើមផែនការដំឡើងពន្ធលើពាណិជ្ជកម្មជាមួយ ៣ប្រទេសសំខាន់ៗ

០៤ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមផែនការដំឡើងពន្ធថ្មីលើ ដៃគូពាណិជ្ជកម្មធំជាងគេទាំង ៣ របស់សហរដ្ឋអាមេរិកគឺ កាណាដា ម៉ិកស៊ិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដំឡើងពន្ធ ២៥% លើការនាំចូលពីកាណាដា និងម៉ិកស៊ិក និង ១០% លើទំនិញមកពី ប្រទេសចិន ដែលចាប់ផ្តើមនៅសប្តាហ៍ទី ១ ខែកុម្ភៈនេះ ហើយបានប្រកាសថា អាមេរិក នឹងរក្សាពន្ធនេះនៅដដែល រហូតដល់បញ្ហាថ្នាំញៀន និងអន្តោប្រវេសន៍ខុសច្បាប់មកកាន់អាមេរិក ត្រូវបានបញ្ចប់។

 


ផលិតផលថាមពលពី ប្រទេសកាណាដា នឹងមានកាតព្វកិច្ចពន្ធត្រឹមតែ ១០%ប៉ុណ្ណោះ ប៉ុន្តែការនាំចូលថាមពលរបស់ម៉ិកស៊ិក នឹងត្រូវគិតថ្លៃពេញ ២៥%។
ចំណាត់ការនេះ បានបន្តដោយការគំរាមកំហែងម្តងហើយម្តងទៀតពី លោក ដូណាល់ ត្រាំ ចាប់តាំងពី ការឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំមុន ហើយវាទំនងជា នឹងបង្កឱ្យមានការសងសឹក និងហានិភ័យ ក្នុងការបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម ដែលអាចបង្កឱ្យមានការរំខានសេដ្ឋកិច្ច សម្រាប់ប្រទេសទាំងអស់ដែលពាក់ព័ន្ធ។

 


ប្រទេសទាំង ៣ ខាងលើ គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក ហើយបញ្ហាដំឡើងពន្ធនេះ បង្កឱ្យមានការភ័យខ្លាចថា ពន្ធនឹងនាំឱ្យតម្លៃទំនិញឡើងថ្លៃ។
មន្ត្រី និងប្រតិបត្តិករអាជីវកម្មក្នុងប្រទេសកាណាដា បានបញ្ចេញប្រតិកម្មដោយកំហឹង ដោយអំពាវនាវឲ្យមានការដំឡើងពន្ធដោយបង្ខំ លើការនាំចូលពីអាមេរិក។
នាយករដ្ឋមន្រ្តីកាណាដា បានបញ្ជាក់ថា ប្រទេសកាណាដា នឹងវាយបកវិញចំពោះពន្ធរបស់សហរដ្ឋអាមេរិក ជាមួយនឹងពន្ធ ២៥% របស់ខ្លួនលើទំនិញអាមេរិកដែលបានជ្រើសរើស។

 


មន្ត្រីជាន់ខ្ពស់ម៉ិកស៊ិក បានថ្លែងថា ម៉ិកស៊ិក នឹងឆ្លើយតបជាមួយនឹងពន្ធសងសឹក។ពន្ធគយនេះ ក៏អាចបង្កបញ្ហាដល់ ក្រុមហ៊ុនក្រៅប្រទេសដូចជា ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិចនៅអាស៊ីជាច្រើន ដែលប្រើម៉ិកស៊ិក ជាច្រកផលិតកម្មតម្លៃទាបសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

 


ជាចុងក្រោយ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះពន្ធថ្មី ដែលដាក់ ដោយប្រធានាធិបតីអាមេរិក Donald Trump ហើយបានប្តេជ្ញាថា នឹងចាត់វិធានការឆ្លើយតបដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវ សិទ្ធិនិងផលប្រយោជន៍ផ្ទាល់ខ្លួន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025