ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥

Barbie Hsu តួ សាន់ឆាយ ក្នុងរឿង F4 តៃវ៉ាន់ទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ

០៣ កុម្ភៈ ២០២៥ | កម្សាន្ដ

 

ជាដំណឹងដ៏សោកសៅសម្រាប់អ្នកគាំទ្ររឿង “F4” ដោយតារាសម្ដែងតួ សាន់ឆាយ ក្នុងរឿង F4 តៃវ៉ាន់គឺអ្នកនាង Barbie Hsu បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំដោយសារជំងឺផ្ដាសាយធំ។

 


ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន TVBS News បានឱ្យដឹងថាតារាចម្រៀងសម្ដែង និងពិធីការិនីតៃវ៉ាន់ Barbie Hsu (បាប៊ី ស៊ូ) បានទទួលក្នុងវ័យ ៤៨ឆ្នាំ ដោយសារអាការៈរលាកសួត ដែលបណ្ដាលមកពីជំងឺផ្តាសាយ ខណៈកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជប៉ុនពេលចូលឆ្នាំចិន។

 


ប្អូនស្រីរបស់តារារូបនេះឈ្មោះ Dee Hsu (ឌីស៊ូ) បានបញ្ជាក់ពីការស្លាប់របស់បងស្រីខ្លួននៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ថា ក្នុងឱកាសចូលឆ្នាំថ្មីនេះ ក្រុមគ្រួសាររបស់ពួកគេបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន តែជាអកុសលបងស្រីជាទីស្រលាញ់របស់នាង បានចាកចេញទៅហើយដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួត។

 


ដំណឹងមរណភាពរបស់តារាស្រីរូបនេះបានក្លាយជាប្រធានបទទទួលការចាប់អារម្មណ៍បំផុតក្នុងបណ្ដាញសង្គមចិននៅថ្ងៃនេះ ខណៈមហាជនជាច្រើនបានចូលរួមរំលែកទុក្ខនិងតក់ស្លុត ចំពោះការចាកចេញរបស់នាងក្នុងពេលដ៏លឿនបែបនេះ។

 

 

ជាក់ស្ដែង កាលពីថ្ងៃទី ២៥ ខែមករា Barbie Hsu ត្រូវបានគេឃើញថតរូបក្នុងកម្មវិធីជួបជុំជាមួយមិត្តរួមការងារ ដោយនាងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាមួយស្នាមញញឹមស្រស់បស់នៅឡើយ។

 


គួររំឭកថា បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញពីសម្ដែងក្នុងរឿង "F4 Meteor Garden", រឿង "Mars" និង "Summer's Desire" Barbie Hsu មិនបានសម្ដែងក្នុងរឿងភាគណាមួយទៀតឡើយតាំងពីឆ្នាំ ២០១២ មក។

 

 

បន្ទាប់ពីលែងលះជាមួយអតីតស្វាមីជាអ្នកជំនួញពាណិជ្ជករ Wang Xiaofei (វ៉ាង សៀវហ្វី) នៅចុងឆ្នាំ ២០២១ នាងបានរក្សាជីវិតរស់នៅបែបឯកជនដោយផ្តោតលើការចិញ្ចឹមកូន ហើយនៅឆ្នាំ ២០២២ នាងបានរៀបការជាមួយ DJ Koo ជនជាតិកូរ៉េ។

 

 

ក្រៅពីស្នាដៃសម្ដែងនិងចម្រៀង Barbie Hsu ក៏បានបន្សល់ទុកស្នាដៃនិងឥទ្ធិពលយូរអង្វែងលើឧស្សាហកម្មកម្សាន្តតាមរយៈការធ្វើជាពិធីការិនីកម្មវិធីល្បីៗដូចជាកម្មវិធី Guess, 100% Entertainment និងកម្មវិធីធ្វើម្ហូប Gourmet Secrets of the Stars ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025