ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
មហាជន ពិសេសអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព សម្រស់ និងភាពក្លាហានរបស់កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ ក្រោយនាងបង្ហាញសមត្ថភាពក្នុងវគ្គ Supra Gate Audition កាលពីពេលថ្មីៗកន្លងទៅ។ឆ្លងកាត់វគ្គជម្រុះរូបថត និងវគ្គ Supra Gate Audition រួចមក កម្មវិធី Miss Supranational Cambodia 2025 ចម្រាញ់បានបេក្ខនារីចំនួន ១៧រូប ដែលជាប់បន្តទៅវគ្គបន្ទាប់ទៀត។
ក្នុងនោះ កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ (Sydney Marith) ជាបេក្ខភាពមុខថ្មីកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយពីឆ្លងកាត់វគ្គ Supra Gate Audition កាលពីពេលថ្មីៗ។ស្ថិតក្នុងឈុត Jumpsuit ពណ៌ខ្មៅអត់ដៃ តែមានស្បៃព័ទ្ធទៅក្រោយព្រមជាមួយស្នាប់ដៃជារបស់ខ្មែរបុរាណ កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ បានធ្វើការណែនាំខ្លួន និងឆ្លើយតបជាភាសាអង់គ្លេសទៅកាន់សំនួររបស់គណៈកម្មការកិត្តិយសទាំង ៧រូប យ៉ាងក្បោះក្បាយប្រកបដោយភាពជឿជាក់ក្នុងការប្រកួតប្រជែង។
ដ្បិតតែ ស៊ីដនី ម៉ារិទ្ធ ជាបេក្ខភាពថ្មីទើបតែបង្ហាញខ្លួនក្នុងវិស័យបវរកញ្ញានៅកម្ពុជា តែមានសមត្ថភាព រូបសម្រស់ និងមានភាពឆ្លាតវៃអាចឆក់បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន រហូតអ្នកនិយមតាមដានវិស័យបវរកញ្ញាដាក់ការទស្សន៍ទាយថា បវរកញ្ញាកូនកាត់រូបនេះអាចមានភាគរយខ្ពស់ក្នុងការឈានទៅដល់វគ្គ Top ចុងក្រោយ ឬអាចក្លាយជាម្ចាស់មកុដ Miss Supranational Cambodia 2025 ក៏អាចថាបាន ព្រោះកូនឈាមផ្សំខ្មែរ-អាមេរិករូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប្រវត្តិសិក្សាក៏មិនធម្មតាឡើយ ថែមទាំងបានចាប់ផ្តើមប្រឡូកការងារជាតារាម៉ូដែលតាំងពីអាយុ ១៦ឆ្នាំមកម៉្លេះ។ បន្ថែមពីលើនោះ នាងមានទេពកោសល្យខ្ពស់លើការរាំថែមទៀតផង។
តាមរយៈសំណួរចម្លើយក្នុងវគ្គ Supra Gate Audition កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ បានបង្ហាញការតាំងចិត្តក្នុងការប្រកួតដណ្តើមមកុដ Miss Supranational Cambodia 2025 ដោយនាងបានបញ្ជាក់ច្បាស់ៗពីគោលដៅ និងអ្វីដែលនាងត្រូវធ្វើលើវេទិកា Miss Supranational Cambodia 2025។
បវរកញ្ញាកូនកាត់រូបនេះជឿជាក់ថា ការចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia 2025 អាចឱ្យនាងបង្ហាញភាពជាខ្លួនឯង ហើយនាងនឹងយកវេទិកានេះដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីភាពអស្ចារ្យ និងអ្វីដែលដែលកម្ពុជាយើងអាចផ្តល់ឱ្យ ក៏នឹងបង្ហាញពីតម្លៃរបស់វប្បធម៌បច្ចិមប្រទេស និងកម្ពុជា ក្នុងការតំណាងកម្ពុជា ព្រោះនាងចង់បង្ហាញឱ្យពិភពលោកឃើញពីភាពអស្ចារ្យទាំងនេះផងដែរ។
សូមជម្រាបផងដែរថា កញ្ញា ស៊ីដនី ម៉ារិទ្ធ ជាកូនកាត់ខ្មែរ-អាមេរិក អាយុ១៩ឆ្នាំ កម្ពស់ 1.70cm បច្ចុប្បន្នកំពុងសិក្សា Bachelor's of Science in Business Administration Major in Marketing Management (BSBA MM) នៅ Western Governors University។ ទេពកោសល្យពិសេសរបស់នាងគឺ ការរាំ។ គេនៅពុំទាន់ដឹងថា កូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ អាចដណ្តើមមកុដ Miss Supranational Cambodia 2025 ឬយ៉ាងណាទេ? ខណៈបេក្ខភាពផ្សេងៗទៀតក៏សុទ្ធសឹងតែមានសមត្ថភាព សម្រស់ស្រស់ស្អាត និងមានភាពស្វាហាប់ក្នុងការប្រកួតប្រជែងដូចគ្នាដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក