ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
បើទោះជាធ្លាប់បរាជ័យម្ដងហើយក៏ពិតមែនតែបុរសសង្ហា ហ៊ាប ស៊ាងហ៊ុយ សម្រេចចិត្តត្រឡប់មកអង្រួនឆាកបុរសឯកម្តងទៀត ក្នុងកម្មវិធី Mister Supranational Cambodia 2025 ដោយអះអាងថា លោកមកម្តងនេះគឺដើម្បីឈ្នះជយលាភីក្លាយជាបុរសឯកតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
នេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កំលោះសង្ហា ហ៊ាប ស៊ាងហ៊ុយ សម្រាប់ការវិលត្រឡប់មកអង្រួនឆាកប្រកួតបុរសឯកម្តងទៀត ក្នុងកម្មវិធី Mister Supranational Cambodia 2025 ដែលគ្រប់គ្រងដោយ លោក ភួង វណ្ណា ហៅ AB Vanna។
ទោះបីដឹងថា បេក្ខភាពផ្លូវការឆ្នាំនេះសុទ្ធសឹងតែខ្លាំងៗ និងមានសមត្ថភាពខ្ពស់ ក៏អតីតម្ចាស់ជយលាភី Mister Friendship Cambodia 2022 គ្មានភាពខ្លាចរអាអ្វីឡើយ ផ្ទុយទៅវិញគឺលោកបានត្រៀមជាស្រេចសម្រាប់ការប្រកួតប្រជែងដណ្តើមជយលាភី Mister Supranational Cambodia 2025 ដើម្បីមានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នៅឯប្រទេសប៉ូឡូញ។
ផ្តល់បទសម្ភាសន៍ជាមួយភីអិនអិនកាលពីពេលថ្មីៗកន្លងទៅ ស៊ាងហ៊ុយ ឱ្យដឹងថា លោកត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងនេះ ហើយក៏បានឆ្លៀតពេលហ្វឹកហាត់ពង្រឹងសមត្ថភាពផ្សេងៗ ពិសេសការនិយាយជាសាធារណៈ ធ្វើយ៉ាងណាឱ្យខ្លួនឯងកាន់តែមានភាពរឹងមាំ និងមានភាពក្លាហានក្នុងការបង្ហាញសមត្ថភាព។
ត្រឡប់មកប្រកួតលើកនេះ កំលោះសង្ហាសាច់ដុំកង់ៗ ហ៊ាប ស៊ាងហ៊ុយ មានក្តីរំពឹងខ្ពស់រហូត ៩៩% ខណៈដែល ១% ទៀតទុកសម្រាប់ការប្រកួតប្រជែងជាមួយបេក្ខភាពដ៏ទៃ។ បេក្ខភាពផ្លូវការរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្ររូបលោកក្នុងការប្រកួត Mister Supranational Cambodia 2025 ដើម្បីលោកមានឱកាសក្លាយជាម្ចាស់ជយលាភីក្នុងការប្រកួតនេះ ហើយលោកប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពមិនឱ្យពុកម៉ែបងប្អូនខកបំណងឡើយ៕
ក្រៅពីចូលរួមប្រកួតកម្មវិធី Mister Supranational Cambodia 2025 តារាសម្តែងរូបសង្ហា ហ៊ាប ស៊ាងហ៊ុយ ក៏មមាញឹកជាមួយការថតភាពយន្ត ការថតប្រម៉ូតផ្សព្វផ្សាយ និងការងារស៉្បតពាណិជ្ជកម្មផ្សេងៗផងដែរ ប៉ុន្តែយ៉ាងណាលោកនៅតែអានឆ្លៀតពេលហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យពូកែ ព្រោះការប្រកួតនេះជាស្ពានឆ្ពោះទៅរកក្តីស្រមៃដ៏ធំមួយទៀតសម្រាប់ជីវិតរបស់លោក៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក