ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ជូរី ល្អហួស សុខចិត្តគាំទ្រកម្មវិធីបវរកញ្ញាក្នុងស្រុក ជាជាងទៅប្រកួតកម្មវិធីដែលមិនឱ្យតម្លៃខ្មែរ

០៧ មករា ២០២៥ | កម្សាន្ដ

ម៉ាត់ណាម៉ាត់ហ្នឹង! បវរកញ្ញាវ័យក្មេងពេញដោយសមត្ថភាព ជូរី ល្អហួស សុខចិត្តដាក់ពាក្យប្រកួត Miss Teen & Miss Teen Icon Cambodia 2025 ដើម្បីលើកតម្កើងកម្មវិធីបវរកញ្ញាក្នុងស្រុក ជាជាងការទៅប្រកួតកម្មវិធីណាដែលមិនឱ្យតម្លៃខ្មែរយើង។មិនឱ្យប្រិយមិត្តអ្នកគាំទ្រទន្ទឹងរង់ចាំយូរនោះឡើយ បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាពទេពកោសល្យសិល្បៈ ជូរី ល្អហួស បានប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 តាមការសន្យរបស់នាង ដែលនេះជាការប្រកួតថ្នាក់ជាតិ ដើម្បីដណ្តើមមកុដ និងឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

 

 

ការសម្រេចចិត្តដាក់ពាក្យប្រកួតកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 នាពេលនេះ ជាការឆ្លើយតបចំៗចំពោះអ្វីដែល អ្នកនាង ដេននី ក្វាន់ អ្នកម្តាយរបស់ ល្អហួស ធ្លាប់បានបង្ហោះឡើងកាលពីប៉ុន្មានខែមុន ដែលអ្នកនាងបានប្រកាសថា «គំរោងដែលកូនស្រីល្អហួសត្រូវ ចូលប្រកួត Miss grand នៅឆ្នាំ 2027 ត្រូវប្តូរហើយ ខ្ញុំមិនអោយកូនស្រីខ្ញុំចូលប្រកួតកម្មវិធីណាដែលគេមិនអោយតម្លៃខ្មែរយើងទេ..មិនខ្ចីទ្រ ព្រោះកម្មវិធីប្រកួត Miss មានច្រើនណាស់» ហើយពេលនេះ ល្អហួស ពិតជាជ្រើសរើសប្រកួតកម្មវិធីបវរកញ្ញាក្នុងស្រុក ជាជាងការចេញទៅប្រកួតកម្មវិធីបវរកញ្ញាណាដែលមិនឱ្យតម្លៃខ្មែរយើង។

 

 

កន្លងទៅថ្មីៗនេះ ល្អហួស ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ធ្លាប់ប្រាប់ឱ្យភីអិនអិនដឹងថា នាងសម្រេចចិត្តវិលចូលកងប្រកួតលឿនជាងការកំណត់ ដោយសារហេតុផលតែម៉្យាងប៉ុណ្ណោះ គឺដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរឱ្យពិភពលោកស្គាល់ឱ្យច្បាស់ជាងមុន។

 

 

 

គ្រាន់តែទំព័រហ្វេសប៊ុក Miss Teen Cambodia បង្ហោះសមាសភាពបេក្ខភាពផ្លូវការភ្លាម បវរកញ្ញាដែលគ្រប់គ្នាសរសើរថាមានព្រមជាកញ្ចប់ ជូរី ល្អហួស មិនបង្អង់យូរក្នុងការបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការប្រកួតប្រជែងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 និងអះអាងពីភាពសុក្រិតនៃកម្មវិធីយ៉ាងដូច្នេះថា «ការដែលនាងខ្ញុំមកប្រកួតលើកនេះគឺនាងខ្ញុំមកយកបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីនាងខ្ញុំឈានចូលដល់កម្មវិធីធំៗ នៅថ្ងៃខាងមុខនេះ កម្មវិធីនីមួយៗគឺសុក្រឹតណាស់ អ្នកណាមានសមត្ថភាពខ្លាំង អ្នកនោះគឺជាឈ្នះ មិនមែនជាការចង្អុលឬការចាប់ដាក់នោះទេ នាងខ្ញុំយកសមត្ថភាពទៅប្រកួត និងបទពិសោធន៍របស់នាងខ្ញុំជាច្រើន រួមទាំងការលើកទឹកចិត្តពីក្រុមគ្រួសារ ពុកម៉ែបងប្អូនប្រជាជនកម្ពុជា និងFan Fan ជាច្រើន នាងខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកម្មវិធីដែលនាងខ្ញុំស្រលាញ់ ចង់ចូលរួមប្រកួត ហើយក៏មិនមែនជាការរៀបចំទុកមុនដែរ»។

 

 

នេះបើយោងតាមការបង្ហោះរបស់ ជូរី ល្អហួស លើទំព័រហ្វេសប៊ុកផ្លូវការ Laor Hours ល្អហួស កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ស័ក្កសមជាបេក្ខភាពលេចធ្លោក្នុងការប្រកួតមែន ប្រកាសដាក់ពាក្យប្រកួត Miss Teen & Miss Teen Icon Cambodia 2025 ភ្លាម ល្អហួស ស្រាប់តែត្រូវបានអញ្ជើញជាផ្លូវការដោយរដ្ឋបាលខេត្តហាឡប៊ិន ប្រទេសចិន ដើម្បីបង្ហាញវប្បធម៌កម្ពុជា និងចូលរួមការប្រគំតន្ត្រីនៅទីនោះ។ គួរឱ្យស្ញប់ស្ញែងជាងនេះទៀតនោះ កូនស្រីកម្ពុជារូបនេះ បាននាំយករបាំអប្សរាទៅរាំពត់ពែនយ៉ាងល្វតល្វន់លើផ្ទាំងទឹកកកនៅឯប្រទេសចិន ធ្វើឱ្យគ្រប់គ្នាកោតសរសើរទឹកចិត្ត និងភាពក្លាហានរបស់កូនស្រីកម្ពុជារូបនេះជាពន់ពេក។

 

 

យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា តើ ជូរី ល្អហួស ម្ចាស់មកុដអន្តរជាតិ Miss Preteen Junior Idol World 2024 នឹងអាចដណ្តើមមកុដណាមួយពីកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ឬយ៉ាងណាទេ? ប្រសិនបើ ល្អហួស អាចក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2024 បន្តពីយុវតី លី មួយលាង នាងនឹងត្រូវតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Teen International 2025 នៅប្រទេសឥណ្ឌា តែប្រសិនបើនាងអាចឈ្នះមកុដ Miss Teen Icon Cambodia 2025 នាងនឹងតត្រូវតំណាងកម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធី Miss Teen Icon International 2025 នៅទឹកដីកម្ពុជាផ្ទាល់តែម្តង ព្រោះកម្មវិធីនេះជាកម្មវិធីបវរកញ្ញាបង្កើតឡើងដោយកូនខ្មែរដោយមាន លោក អ៊ិន វិចិត្រ ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងកម្មវិធីផ្ទាល់តែម្តង៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025