ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ចម្រូងចម្រាសជាមួយស្ថាប័នបវរកញ្ញាអន្តរជាតិ អ៊ិន សុភិន  ត្រៀមរៀបចំកម្មវិធីបវរកញ្ញាជារបស់ក្នុងស្រុក!

០២ កញ្ញា ២០២៥ | កម្សាន្ដ

 

លោក អ៊ិន សុភិន ដែលភាគច្រើនស្គាល់តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងសម្រស់កាលពីកន្លងមក ពេលនេះបានត្រឡប់មកវិញហើយ ក្រោយស្ងប់ស្ងាត់បាត់ពីទីផ្សារអស់មួយរយៈធំ។

 

 

មិនត្រឹមតែងាកមកពង្រឹងវិស័យភាពយន្តប៉ុណ្ណោះទេ បុគ្គលល្បីឈ្មោះលើបណ្តាញសង្គមហ្វេសប៊ុករូបនេះ ក៏ពង្រីកសក្កានុពលវិស័យកីឡា និងការប្រកួតប្រជែងសម្រស់ផងដែរ។

 

 

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃសម្ភោធរឿង «ផ្ទះអាឃាត» កាលពីពេលថ្មីៗកន្លងទៅ លោកបានឱ្យដឹងថា មកទល់ពេលនេះ រយៈពេលប្រមាណ១៥ឆ្នាំហើយដែល មហាហង្ស មានវត្តមានលើទីផ្សារកម្ពុជា ដោយផ្តោតលើវិស័យភាពយន្ត កីឡា និងការប្រកួតបវរកញ្ញាជាដើម។ ១៥ឆ្នាំកន្លងមកនេះ មហាហង្ស បានសាងស្នាដៃច្រើនរាប់មិនអស់ តែទន្ទឹមនោះលោកក៏បានបង្កើតរឿងរ៉ាវជាច្រើនដើម្បីបំផុសទីផ្សារឱ្យផុសផុលផងដែរ។

 

 

រៀបរាប់ដោយមិនលាក់លៀម លោក អ៊ិន សុភិន ទទួលស្គាល់ថា កន្លងមកលោកពិតជាបានបង្កើតរឿងបំពុលលើបណ្តាញសង្គមមែន តែគ្រប់យ៉ាងគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារររបស់លោកតែប៉ុណ្ណោះ។

 

 

 ទន្ទឹមគ្នាជាមួយការទទួលស្គាល់កំហុសនេះលោកក៏បានបង្ហើបប្រាប់ពីគម្រោងក្នុងការបង្កើតកម្មវិធីបវរកញ្ញាថ្មីជារបស់កូនខ្មែរផ្ទាល់តែម្តង តែជាក់ស្តែងបែបណាអាស្រ័យលើកស្ថានភាពជាក់ស្តែង។

 

 

យ៉ាងណាមិញ គេពុំទាន់ដឹងថា អតីតអ្នកគ្រប់គ្រងថ្នាក់ជាតិរូបនេះនឹងជ្រើសរើសយុទ្ធសាស្ត្របង្កើតដ្រាម៉ាដើម្បីបំផុសបំផុលទីផ្សារទៀតឬយ៉ាងណាទេ? ខណៈដែលកន្លងមក លោកធ្លាប់រងការរិះគន់យ៉ាងច្រើនសន្ធឹកពីមហាជនជុំវិញរឿងរ៉ាវដែលកើតឡើងកន្លងមក និងធ្លាប់ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅអប់រំជុំវិញរឿងស្លៀកពាក់មិនសមរម្យរបស់បេក្ខនារីបវរកញ្ញាទៀតផង៕


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025