ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
លោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ(៣០ធ្នូ) បានបញ្ជាឱ្យមានការស៊ើបអង្កេតសុវត្ថិភាពជាបន្ទាន់ទៅលើប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍ទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូង នៅពេលកិច្ចការងារជុំវិញយន្តហោះក្រុមហ៊ុនអាកាសចរណ៍Jeju Air ដែលធ្លាក់ ត្រូវបានបញ្ចប់។
ហេតុការណ៍ធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានរបស់ប្រទេសកូរ៉េខាងត្បូង បានសម្លាប់មនុស្ស១៧៩នាក់ នៅថ្ងៃអាទិត្យ។
លោក Choi បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុងសេអ៊ូលថា អាទិភាពចម្បងសំរាប់ពេលឥឡូវ គឺកំណត់អត្តសញ្ញាណជនរងគ្រោះ គាំទ្រក្រុមគ្រួសាររបស់ពួកគេ និងព្យាបាលអ្នកនៅរស់រានមានជីវិតទាំង២នាក់។
តាមសេចក្តីរាយការណ៍ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះ Jeju Air ដែលដឹកអ្នកដំណើរ ១៧៥ នាក់ និងក្រុមអាកាសចរណ៍ ៦ នាក់នៅលើជើងហោះហើរពីប្រទេសថៃបានចុះចតនៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។
ប្រែសម្រួល៖ណាវ័ន្ត