ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាល់បានីស បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ថវិកាចំនួន១៩០លានដុល្លារអូស្ត្រាលីប្រហែល១១៨លានដុល្លារអាម៉េរិកដល់ប្រទេសសូឡូម៉ុនដើម្បីពង្រីកកម្លាំងនគរបាលរបស់ប្រទេសនេះ និងដើម្បីកាត់បន្ថយការពឹងផ្អែកជំនួយលើដៃគូខាងក្រៅផងដែរ។ លោក អាល់បានីស បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីថា ការយល់ព្រមផ្តល់ជំនួយនេះបានបង្ហាញថា អូស្ត្រាលីគឺជា«ដៃគូជម្រើសសុវត្ថិភាព»របស់ប្រទេសសូឡូម៉ុន និងជាការជំរុញសន្តិសុខក្នុងតំបន់ផងដែរ។ លោកបានបន្តថា ថវិកាចំនួន១១៨លានដុល្លារអាម៉េរិកនេះនឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤ឆ្នាំ។
ប្រទេសសូឡូម៉ុនបានស្វាគមន៍វត្តមាននគរបាលចិនមួយក្រុមតូចរួចមកហើយចាប់តាំងពីឆ្នាំ២០២២បន្ទាប់ពីនាយករដ្ឋមន្ត្រីដែលគាំទ្រដោយទីក្រុងប៉េកាំងលោក ម៉ាណាសេះ សូហ្កាវ៉ារ៉េ (Manasseh Sogavare) បានសម្រេចកិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងទីក្រុងប៉េកាំងដែលបង្កក្ដីបារម្ភដល់ទីក្រុងកង់បេរ៉ា និងទីក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង។ កន្លងមក នគរបាលអូស្ត្រាលីធ្លាប់បានផ្តល់សន្តិសុខនៅក្នុងប្រទេសកោះនេះបន្ទាប់ពីមានកុបកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០២១នៅទីក្នុងហូនៀរ៉ា (Honiara) ផងដែរ ហើយនាយករដ្ឋមន្ត្រីថ្មីរបស់សូឡូម៉ុនលោក ចេរ៉ាមៀ ម៉ាណេឡេ (Jeremiah Manele) បាននិយាយកាលពីខែឧសភាថា រដ្ឋាភិបាលរបស់លោកនឹងពិនិត្យមើលទំនាក់ទំនងនគរបាលនេះឡើងវិញ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន