ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នៅថ្ងៃព្រហស្បតិ៍(១៩ធ្នូ) បានថ្លែងអំណរគុណចំពោះតុលាការដែលបានធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ ក្រោយពីលោកស្រីត្រូវ បានលើកលែងទោសពីបទចោទប្រកាន់លាងលុយកខ្វក់ និងគេចពន្ធ ។ លោកស្រី Rosmah Mansor បានលើកឡើងដូច្នេះ«នេះជាអ្វីដែលលោកស្រីហៅថាយុត្តិធម៌»។
លោក Najib និងលោកស្រី Rosmah ទទួលរងការចោទប្រកាន់ជាច្រើនបទចោទជុំវិញការស៊ើបអង្កេតក្នុងករណីពុករលួយ ចាប់តាំងពីលោកNajibបរាជ័យនៅក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ២០១៨ ដោយសារតែកំហឹងរបស់ប្រជាជនចំពោះតួនាទីរបស់លោកNajib ក្នុងរឿងអាស្រូវទឹកប្រាក់ពាន់លានដុល្លារដែលជាគម្រោង1MDB ធ្វើឱ្យលោកត្រូវបញ្ចប់អំណាចដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេល៩ឆ្នាំកន្លងទៅ។ ទាំងលោកNajib និងលោកស្រី Rosmah បដិសេធកំហុសនៅក្នុងបទចោទប្រកាន់។
លោកស្រីRosmah នៅមិនទាន់ចប់បញ្ហាទាំងស្រុងនៅឡើយទេ។ បច្ចុប្បន្នលោកស្រីមានសេរីភាពនៅក្រៅឃុំ រង់ចាំការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសលោកស្រីជាប់ពន្ធនាគារ១០ឆ្នាំ ក្នុងឆ្នាំ២០២២ ករណីជួយក្រុមហ៊ុនមួយ ឱ្យទទួលបានគម្រោងថាមពលសូឡាទឹកប្រាក់២៧៩លានដុល្លារអាមេរិកពីរដ្ឋាភិបាលលោកNajib។
លោកស្រីRosmah រងការរិះគន់ពីរបៀបរស់នៅដ៏ហ៊ីហារបស់លោកស្រី និងកាបូបដៃប្រណីតខ្លាំងដែលមានកាបូបជាង៥០០ត្រូវបានរកឃើញនៅពេលប៉ូលីសឆែកឆែរលំនៅដ្ឋានរបស់លោកស្រីក្នុងរឿងអាស្រូវពុករលួយ1MDB។
ប្រែសម្រួល៖ណាវ័ន្ត