ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤
សភាកូរ៉េខាងត្បូង បានសម្រេចចោទប្រកាន់លោកប្រធានាធិបតីស្តីទី Han Duck - soo នៅថ្ងៃសុក្រ(២៧ធ្នូ) ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅក្នុងផ្នែកនយោបាយ។
ការចោទប្រកាន់នេះ បានធ្វើឡើងក្នុងរយៈពេលមិនដល់២សប្តាហ៍ ក្រោយលោកប្រធានាធិបតី Yoon Suk Yeol ត្រូវព្យួរតំណែងជុំវិញការប្រកាសដាក់ច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីរបស់លោក។
ការចោទប្រកាន់ទោសលោក Han ដែលជាប្រធានាធិបតីស្តីទី ចាប់តាំងពីលោក Yoon ត្រូវបានចោទប្រកាន់ទោសកាលពីថ្ងៃ១៤ធ្នូ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃ៣ធ្នូ បានរុញច្រានប្រទេសកូរ៉េខាងត្បូងដែលធ្លាប់តែជាប្រទេសលទ្ធិប្រជាធិបតេយ្យ ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់។
លោក Choi Sang - mok រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជាអ្នកបន្តកាន់តំណែងប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង។ ស្របគ្នា សំណុំរឿងរបស់លោក Yoon និង លោកHan ត្រូវបញ្ជូនទៅតុលាការធម្មនុញ្ញ។
ប្រធានាធិបតីស្តីទីថ្មីលោក Choi បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងពិភាក្សាជាមួយមន្ត្រីសំខាន់ៗ រួមមានមេដឹកនាំយោធា និងបានសច្ចានឹងធ្វើគ្រប់យ៉ាងដើម្បីរក្សាស្ថិរភាពរដ្ឋ។
សមាជិកសភាគណបក្សប្រឆាំង ដកលោកHanចេញពីតំណែង នៅក្នុងហេតុផលថា លោកបដិសេធទាមទារឱ្យបញ្ចប់ដំណើរការចោទប្រកាន់ និងយកលោកYoon មកកាត់ទោសតាមច្បាប់។ ដូចគ្នាដែរ លោកChoi ប្រហែលត្រូវដកចេញពីតំណែងប្រធានាធិបតីស្តីទីដូចគ្នា ប្រសិនបើលោកមានការប៉ះទង្គិចខ្លាំងជាមួយសភាដែលដឹកនាំដោយគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូង។
ប្រែសម្រួល៖ណាវ័ន្ត