ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤

លោក ហ្សឺឡិនស្គី គ្រោងនឹងពិភាក្សាអំពីការបញ្ជូនកងរក្សាសន្តិភាពបរទេសនៅក្នុងប្រទេសអ៊ុយក្រែន

ក្រុមមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង ប៉ូឡូញ និងអង្គការណាតូព្រមទាំងមេដឹកនាំមួយចំនួនទៀតគ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនៅថ្ងៃពុធនេះដើម្បីពិភាក្សាអំពីការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែននៅរយៈពេលជិតបីឆ្នាំក្រោយពីរុស្ស៊ីបានឈ្លានពានពេញលេញលើអ៊ុយក្រែន។

 

 

មេដឹកនាំអ៊ុយក្រែនលោក ហ្សឺឡិនស្គី ធ្លាប់បានបង្ហាញគំនិតមួយជាមួយនឹងអ្នកនយោបាយអាល្លឺម៉ង់ម្នាក់កាលពីថ្ងៃទី៩ ខែធ្នូថា លោកគ្រោងនឹងពិភាក្សាអំពីការដាក់ពង្រាយកងទ័ពបរទេសនៅប្រទេសអ៊ុយក្រែនរហូតទាល់តែប្រទេសនេះបានចូលជាសមាជិកអង្គការណាតូ។

 

 

លោក ហ្សឺឡិនស្គី បាននិយាយក្នុងសន្និសីទសារព័ត៌មានជាមួយនឹងនាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ថាស (Donald Tusk) នៅក្នុងទីក្រុងល្វីវប្រទេសអ៊ុយក្រែនថា ការពង្រឹងអ៊ុយក្រែនជាបន្ទាន់នេះគឺជារឿងសំខាន់ដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។ លោក ហ្សឺឡិនស្គី បានលើកឡើងអំពីសមត្ថភាពការពាររយៈពេលឆ្ងាយ ការវិនិយោគរបស់សម្ពន្ធមិត្តលើការផលិតអាវុធនៅអ៊ុយក្រែន និងការធានាសន្តិសុខព្រមទាំងប្រធានបទផ្សេងៗទៀត។

 

លោក ថាស បាននិយាយថា ប្រទេសប៉ូឡូញ ដែលជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែននោះនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងដែនសមត្ថភាពកិច្ចរបស់ខ្លួនដើម្បីធ្វើឱ្យទីក្រុងកៀវក្លាយជាសមាជិកអង្គការណាតូយ៉ាងពិតប្រាកដ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024