ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

មហោស្រពភាពយន្ត ជប៉ុន ពាំនាំភាពយន្តប្រកបដោយគុណភាព និងអត្ថន័យអប់រំ មកចាក់បញ្ចាំងនៅ កម្ពុជា ដោយឥតគិតថ្លៃ!

០៩ ធ្នូ ២០២៤ | កម្សាន្ដ

 

ឆ្នាំនេះ មហោស្រពភាពយន្តជប៉ុន បាននាំយកភាពយន្តជប៉ុនចំនួន ១៤ចំណងជើង ដែលសុទ្ធសឹងជាភាពយន្តល្បីៗមកចាក់បញ្ចាំងឱ្យសាធារណជនទស្សនាដោយឥតគិតថ្លៃ។ 

 

 

មហោស្រពភាពយន្តជប៉ុនលើកទី១០ ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនៅចុងបំណាច់ឆ្នាំ២០២៤នេះ បានត្រឡប់មកជួបប្រិយមិត្តទស្សនិកជនវិញហើយ ដោយឆ្នាំនេះមហោស្រពបានពាំនាំយកភាពយន្តជប៉ុនប្រកបដោយគុណភាព និងអត្ថន័យអប់រំចំនួន ១៤រឿង មកចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ 

 

 

រឹតតែពិសេស មហោស្រពភាពយន្តជប៉ុនលើកទី១០ ឆ្នាំ២០២៤ បានពង្រីកទីកន្លែងចាក់បញ្ចាំងទៅកាន់ខេត្ត-ក្រុងចំនួន ៤ រួមមាន៖ បាត់ដំបង , កំពត , សៀមរាប និងរាជធានីភ្នំពេញ រួមទាំងវិទ្យាស្ថានបារាំងនៅភ្នំពេញផងដែរ។

 

 

ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១០ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការិយាល័យតំណាងមូលនិធិជប៉ុនប្រចាំនៅភ្នំពេញ ដែលបានខិតខំរៀបចំឱ្យមានមហោស្រពភាពយន្តជប៉ុនរៀងរាល់ឆ្នាំ។ 

 

 

រយៈពេល១០ឆ្នាំកន្លងមកនេះ ក្រៅពីការនាំយកភាពយន្តជប៉ុនមកចាក់បញ្ចាំង យើងក៏មានការសហការផលិតខ្សែភាពយន្តមួយចំនួនរួមគ្នា (Co Production) ព្រមទាំងបានគាំទ្រដល់ការរៀបចំសិក្ខាសិលាហ្វឹកហាត់ដល់ផលិតករភាពយន្តកម្ពុជា និងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ។ទៀតសោត មូលនិធិជប៉ុនការិយាល័យតំណាងនៅភ្នំពេញក៏បានគាំទ្រដល់ផ្នែកតូរ្យតន្ត្រីដោយមានការផ្លាស់ប្តូរការប្រគុំតន្ត្រីដោយសហការជាមួយក្រុមតន្ត្រីកម្ពុជា និងបានគាំទ្រដល់សកម្មភាពសិល្បៈសម្តែងផ្សេងៗ ដែលជាការសម្តែងរួមគ្នា ឬជាការសហការដឹកនាំលើផ្នែកសម្តែងជាដើម។

 

 

មិនតែប៉ុណ្ណោះ នៅមានសកម្មភាពវប្បធម៌ផ្សេងៗ ដូចជា ការគាំទ្រជួសជុលស្ពានហាលចូលប្រាសាទអង្គរវត្តពីខាងលិចដំណាក់កាលទី២ និងការរៀបចំនៅប្រទេសជប៉ុនស្តីពីការសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌពិភពលោកនៅតំបន់អង្គរ ។ល។សូមជម្រាបផងដែរថា ពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១០ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ក្រោមវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025