ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
រូបគំនូរ១ផ្ទាំងឈ្មោះ «ឡំពៀ.ដេ.លូមីញែ» (Magritte's 'L’empire des Lumieres) ជាស្នាដៃរបស់វិចិត្រជនជាតិបែលហ្សិកឈ្មោះម៉ាគ្រីត (Magritte) អាចលក់បាន១២១លានដុល្លារ។ នេះជាតម្លៃដែលដែលស្ថិតនៅក្នុងចំណោមរូបគំនូរលំដាប់កំពូលនៅលើលោកដែលអាចលក់បានខ្ទង់រយលានដុល្លារ។
រូបគំនូរនេះរៀបរាប់អំពីទិដ្ឋភាពនៅលើដងវិថីដ៏ងងឹតប្រៀបបានស្ថិតនៅក្នុងពេលរាត្រី ប៉ុន្តែធាតុពិតស្ថិតនៅក្រោមផ្ទៃមេឃដ៏ភ្លឺស្រឡះនៅពេលថ្ងៃ។ រូបគំនូរឆ្នាំ១៩៥៤មួយផ្ទាំងនេះជាស្នាដៃសិល្បៈដែលផ្សំចូលគ្នាដោយស្មើភាពរវាងទិដ្ឋភាពចម្រុះ និងការរសាត់ទៅតាមពេលវេលា។
ខាងលើនេះជាការថ្លែងរបស់ក្រុមហ៊ុនទទួលរ៉ាប់រងខាងដាក់លក់ដេញថ្លៃ។មុនដំបូងគេគិតថារូបគំនូរនេះអាចនឹងលក់បានយ៉ាងហោចណាស់៩៥លានដុល្លារ ហើយត្រូវគេរំពឹងថាជាគំនូរលក់បានថ្លៃជាងគេនៅក្នុងចំណោមគំនូររបស់លោកម៉ាគ្រីត។
ដូច្នេះលក់បានរហូតដល់១២១លានដុល្លារអាចចាត់ទុកថាលើសពីការរំពឹងទុក។ រូបគំនូរនេះត្រូវគេកោតស្ញប់ស្ញែងចំពោះការផ្សំបញ្ចូលគ្នារវាងទិដ្ឋភាពនៅពេលរាត្រី និងនៅពេលថ្ងៃ។ គំនិតនៅពីក្រោយរូបគំនូរនេះជារូបារម្មណ៍ដ៏ឆ្នើមពិតៗ និងដ៏កម្រសម្រាប់ស្នាដៃសិល្បៈប្រចាំសតវត្សទី២០។
ទឹកដៃគូរគំនូរ ជាពិសេស ផ្ទៃមេឃ និងពន្លឺផ្លៀកៗនៅប្លង់ខាងក្រោយពិតជាអស្ចារ្យណាស់។ ស្នាដៃរបស់លោកម៉ាគ្រីតចំនួន២ទៀតក៏ត្រូវគេយកទៅដាក់លក់ផងដែរ។ រូប១លក់បានជាង១០លានដុល្លារ និងរូប១ទៀតលក់បានជាង៣លានដុល្លារ។
លោកម៉ាគ្រីតចំណាយពេល១៥ឆ្នាំដើរស្រាវជ្រាវរកមើលចំណុចផ្លាស់ប្ដូរពីថ្ងៃទៅយប់ដើម្បីរៀបចំគូរគំនូរបែបទេសភាព។ គាត់គូរគំនូរប្រេង១៧ផ្ទាំង និងគំនូរទឹក១០ផ្ទាំង៕
ប្រែសម្រួល៖ អន សំអាង