ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ទិដ្ឋភាពស្រស់បំព្រងនៃការស្វាគមន៍បុណ្យណូអែលនៅទីក្រុងល្បីៗ

២៥ ធ្នូ ២០២៤ | កម្សាន្ដ

 

ខណៈមនុស្សម្នាទូទាំងពិភពលោកកំពុងរីករាយនឹងពិធីបុណ្យណូអែល និងត្រៀមឆ្លងឆ្នាំសកល នៅពេលនេះយើងសូមនាំទស្សនិកជនមកទស្សនាទិដ្ឋភាពខ្លះៗនៃការប្រារព្ធពិធីបុណ្យនេះនៅទីក្រុងល្បីៗមួយចំនួន។

 


ផ្សារបុណ្យណូអែលនៅទីលាន Red Square របស់ទីក្រុងមូស្គូ កំពុងស្ថិតក្នុងភាពមមាញឹក ខណៈការតុបតែងប្រណិតៗអាចត្រូវបានមើលឃើញនៅជុំវិញចំណុចកណ្តាលរដ្ឋធានីប្រទេសរុស្ស៊ីមុនការមកដល់នៃពិធីបុណ្យឆ្លងឆ្នាំ។

 


ថ្ងៃចូលឆ្នាំសកលគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់របស់រុស្ស៊ី ប៉ុន្តែនៅផ្នែកខ្លះក៏មានការប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី ៧ ខែមករាផងដែរ។ តាមទំនៀមទម្លាប់ ជនជាតិរុស្សីតែងប្រារព្ធពិធីបុណ្យណូអែលនិងឆ្លងឆ្នាំជាមួយក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ។

 

 

យ៉ាងណាក៏ដោយ ខណៈដែលប្រទេសនេះរៀបចំខ្លួនដើម្បីឆ្លងឆ្នាំថ្មី ជម្លោះដែលកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែនក៏នៅតែបន្តប៉ះពាល់ដល់ជីវិតប្រជាជនជាច្រើន ហើយរបាយការណ៍ព័ត៌មាននៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតត្រូវបានគ្របដណ្ដប់ដោយការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។

 

 

ក្រឡេកទៅមើលទីក្រុងឌូបៃវិញ ស្របពេលដែលរដូវកាលវិស្សមកាលបានចាប់ផ្ដើម ប្រជាជនជាច្រើនក៏ចាប់ផ្ដើមរំភើបជាមួយនឹងផ្សារបុណ្យណូអែល និងបរិយាកាសរីករាយ ខណៈភ្ញៀវទេសចរជាច្រើនទាំងក្នុងស្រុកនិងមកពីប្រទេសផ្សេងៗបានចូលរួមពិធីបុណ្យនេះ។

 


នៅតំបន់រមណីយដ្ឋាន Madinat Jumeirah (ម៉ាឌីណាត ជូមេរ៉ា) ដើមឈើណូអែលដ៏ធំត្រូវបានបំភ្លឺឡើង ខណៈលោកតាសាន់តាក្លូសបានអមដំណើរភ្ញៀវទេសចរជិះទូកតាមដងព្រែក។ នៅតំបន់ Winter City ភ្ញៀវទេសចរជាច្រើនបានថតរូបជាមួយលោកតាសាន់តាក្លូស ខណៈរីករាយនឹងការទិញទំនិញ និងការកម្សាន្តជាច្រើន។


ចំណែកឯទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីនវិញ ក៏មានការបំភ្លឺភ្លើងចម្រុះពណ៌ និងការតុបតែងស្អាតៗជាច្រើនសម្រាប់ពិធីបុណ្យណូអែលឆ្នាំ២០២៤ និងពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។


ជាធម្មតាប្រទេសហ្វីលីពីនចាប់ផ្តើមប្រារព្ធពិធីបុណ្យណូអែលតាំងពីដើមខែកញ្ញា ដោយចម្រៀងបុណ្យណូអែលត្រូវបានចាក់នៅផ្សារទំនើប និងកន្លែងសាធារណៈ រហូតដល់ខែធ្នូ។ នៅតាមសួនច្បារ ដងផ្លូវ និងអគារជាច្រើនត្រូវបានតុបតែងតាមបែបបុណ្យណូអែល ខណៈពិធីបុណ្យនេះគឺជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ប្រទេសហ្វីលីពីនដែលមានប្រជាជនជាង ៨០ ភាគរយជាអ្នកកាន់សាសនាកាតូលិក ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024