ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ភាពយន្ត “Sonic” វគ្គ៣ ដែលផលិតពីតុក្កតាហ្គេមដ៏ល្បីអាចរកចំណូលបាន ៦២ លានដុល្លារក្នុងសប្ដាហ៍ដំបូង និងក្លាយជាភាពយន្តជាប់ចំណាត់ថ្នាក់លេខ១នៅតារាង Box Office អាមេរិកសប្ដាហ៍នេះ។
ចេញបញ្ចាំងដំណាលៗគ្នា ប៉ុន្តែភាពយន្តគំនូរជីវចល “Sonic the Hedgehog 3” បានវ៉ាដាច់ភាពយន្ត "Mufasa: The Lion King" សម្រាប់ការបញ្ចាំងនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាកាលពីសប្ដាហ៍កន្លងទៅ។
ផ្អែកតាមរបាយការណ៍របស់វិបសាយ Box Office Mojo ភាពយន្ត “Sonic” វគ្គ៣ អាចរកចំណូលនៅអាមេរិកបាន ៦២លានដុល្លារក្នុងសប្ដាហ៍ដំបូង និងក្លាយជាភាពយន្តជាប់លេខ១ សប្ដាហ៍នេះ ខណៈភាពយន្ត "Mufasa: The Lion King" បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយអាចរកចំណូលបានត្រឹម ៣៥ លានដុល្លារ។
យ៉ាងណាក៏ដោយ បើទោះបីចំណូលសប្ដាហ៍ដំបូងនៅសហរដ្ឋអាមេរិកមិនសូវជាសមប្រកបប៉ុន្តែភាពយន្តស្ដេចតោថ្មីរបស់ Disney អាចកើបចំណូលនៅទីផ្សារអន្តរជាតិបាន ៨៧ លានដុល្លារទៀត ធ្វើឱ្យចំណូលសប្ដាហ៍ដំបូងទូទាំងពិភពលោករបស់រឿងនេះអាចបានដល់ ១២២ លានដុល្លារ ស្របពេលភាពយន្ត “Sonic the Hedgehog 3” មិនទាន់ចេញបញ្ចាំងនៅប្រទេសផ្សេងៗក្រៅពីអាមេរិកឡើយ។
គួរបញ្ជាក់ថា សាច់រឿងភាពយន្ត “Sonic the Hedgehog 3” នឹងនិយាយពីនៅពេលដែលតួអង្គ Hedgehog ទាំង ៣ រួមមាន Sonic, Tails និង Knuckles ត្រូវតស៊ូជាមួយសត្រូវថ្មីឈ្មោះថា Shadow។
ចំណែក ភាពយន្ត "Mufasa: The Lion King" មានសាច់រឿងនិយាយពីរឿងរ៉ាវកើតឡើងមុន និងក្រោយព្រឹត្តិការណ៍ក្នុងភាពយន្តស្ដេចតោ “The Lion King” កាលពីឆ្នាំ២០១៩ ដែលកាលនោះអាចរកចំណូលសរុប ១៦០០ លានដុល្លារទូទាំងពិភពលោក ៕
ប្រែសម្រួល៖ វ៉ាន់ថន