ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ក្រុមអ្នកបុរាណវិទូចិនបានរកឃើញឆ្អឹងហ្វូស៊ីលរបស់បុព្វបុរសសម័យបុរាណនៅតំបន់អាស៊ីបូព៌ាដែលមានអាយុកាល៣០ម៉ឺនឆ្នាំមកហើយ។ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញឆ្អឹងហ្វូស៊ីលមនុស្សរាប់សិបនាក់ដែលមានអាយុកាល ៣០ ម៉ឺនឆ្នាំមុន ហើយឆ្អឹងហ្វូស៊ីលទាំងនេះគឺជាប្រភេទហ្វូស៊ីលដំបូងបំផុតដែលគេបានរកឃើញនៅអាស៊ីបូព៌ាទាក់ ទងនឹងដំណើរការវិវត្តន៍ឆ្ពោះទៅរកអម្បូរមនុស្សហូម៉ូសាព្យាង (Homo sapiens) ដែលជាអម្បូរមនុស្សសម័យបុរាណឆ្លាតជាងគេបំផុត ប៉ុន្តែអម្បូរមនុស្សប្រភេទនេះត្រូវបានគេជឿថាផុតពូជអស់ហើយ។
ឆ្អឹងហ្វូស៊ីលមនុស្សរួមជាមួយឆ្អឹងហ្វូស៊ីលសត្វ និងឧបករណ៍ថ្មមួយចំនួនធំទៀតនេះត្រូវបានគេរកឃើញនៅកន្លែងបុរាណដ្ឋានហួឡុងតុង (Hualongdong) នៅក្នុងស្រុកតុងហ្ស៊ី (Dongzhi) ខេត្តអានហួ (Anhui) នៅភាគខាងកើតប្រទេសចិន។
ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍អំពីរបកគំហើញនេះ និងការសិក្សាចុងក្រោយបំផុតរបស់ពួកគេទាក់ទងនឹងកន្លែងបុរាណដ្ឋាននៃហ្វូស៊ីលមនុស្សបុរាណនេះនៅក្នុងសន្និសីទសិក្សាមួយ ដែលបានធ្វើនៅក្នុងស្រុកតុងហ្ស៊ី (Dongzhi) កាលពីប៉ុន្មានថ្ងៃមុននេះដោយមានអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញចិនជិត១០០ នាក់រួមទាំងអ្នកជំនាញអន្តរជាតិជាងដប់នាក់ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
លោក ស៊ូ ស៊ីង (Xu Xing) អ្នកបុរាណវិទ្យាចិនបាននិយាយថា របកគំហើញថ្មីនៅកន្លែងហួឡុងតុងនេះបានបង្ហាញថា បុរាណដ្ឋានមួយនេះគឺសម្បូរទៅដោយបុរាណវត្ថុដែលត្រូវបានអភិរក្ស និងជាកន្លែងសំខាន់បំផុតសម្រាប់ការស្រាវជ្រាវជាពិសេសគឺពាក់ព័ន្ធនឹងបុរាណវិទ្យាតែម្ដង ហើយលោក ស៊ូ ជឿថាបុរាណដ្ឋាននេះនឹងដើរតួនាទីយ៉ាងសំខាន់ផ្ដល់ចំណេះដឹងដល់អ្នកស្រាវជ្រាវអំពីដំណើរការវិវត្តន៍នៅក្នុងអំឡុងពេលដ៏សំខាន់នៃប្រភពដើមរបស់មនុស្សមួយនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន