ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ប្រជាពលរដ្ឋអេស្ប៉ាញមួយចំនួនបានជួបជុំគ្នាសម្រាប់ពិធីមួយដោយគេបានឃើញពួកគេធ្វើការគោរពបូជាសត្វទាកៅស៊ូដ៏ចម្លែកមួយនៅព្រះវិហារមួយនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញថ្មីៗនេះ។
នៅក្នុងសង្កាត់ឡាវ៉ាពៀស (Lavapies) នៅក្នុងទីក្រុងម៉ាឌ្រីដនៅប្រទេសអេស្ប៉ាញមានកន្លែងគោរពបូជាមួយឈ្មោះថា ផាទីខេណូ (Paticano) ដែលជាព្រះវិហារគោរពបូជាទាកៅស៊ូដ៏ចម្លែកពិសេសមួយ ហើយតារាកំប្លែងម្នាក់គឺលោក លីអូ បាស៊ី (Leo Bassi) តែងតែរៀបចំពិធីជួបជុំគ្នាសប្បាយៗជារៀងរាល់ថ្ងៃចុងសប្តាហ៍នៅទីនោះ។
ជាក់ស្ដែងក្នុងពេលថ្មីៗនេះ ពលរដ្ឋមូលដ្ឋានមួយចំនួនដែលចង់ដឹងចង់ឃើញរឿងចម្លែកៗក៏បាននាំគ្នាចូលរួមក្នុងពិធីដ៏ចម្លែកមិនធម្មតាមួយនៅក្នុងព្រះវិហារទាកៅស៊ូនេះដោយសូម្បីតែគូស្វាមីមួយគូក៏បានបំពាក់ចិញ្ចៀនទាកៅស៊ូឱ្យគ្នាដើម្បីអបអរសាទរចំពោះក្ដីស្នេហ៍របស់ពួកគេផងដែរ។
លោក បាស៊ី បានចាប់ផ្តើមគំនិតប្លែកៗបែបនេះនៅក្នុងឆ្នាំ២០២១ដើម្បីគោរព«រឿងតូចៗ» ហើយដោយសារតែប្រព័ន្ធផ្សព្វផ្សាយសង្គម គំនិតប្លែកៗរបស់លោកបែបនេះទទួលបានការពេញនិយមយ៉ាងខ្លាំងដោយអ្នកចូលរួមរាប់សិបនាក់បានកក់កន្លែងទុកចូលទស្សនាគ្មានកន្លែងទំនេរឡើយទោះបីជាមានការប្រារព្ធពិធីធំៗចំនួនបីផ្សេងទៀតកើតឡើងស្របគ្នានឹងពិធីគោរពបូជាទាកៅស៊ូនេះក៏ដោយ។
នៅក្នុងពេលប្រារព្ធកម្មវិធីដ៏ចម្លែករយៈពេលមួយម៉ោងនេះ លោក បាស៊ី បានធ្វើសកម្មភាពកំប្លែងៗផ្សេងទៀតនៅក្នុងពិធីជាក់ស្ដែងនេះព្រមទាំងច្របាច់សត្វទាកៅស៊ូលឺសំឡេង«កាបៗ»ជាច្រើនដងដើម្បីបង្កភាពសប្បាយរីករាយដល់ទស្សនិកជនផងដែរ។
អ្នកចូលរួមម្នាក់គឺនាង ស៊ូសាណា ប៉ាស្ទ័រ (Susana Pastor) បានប្រាប់សារព័ត៌មានរ៉យទ័របន្ទាប់ពីបានទស្សនាការគោរពបូជានៅក្នុងព្រះវិហារទាកៅស៊ូដ៏តូចនេះថា«វាអស្ចារ្យណាស់ ហើយនាងក៏បានណែនាំឱ្យមនុស្សគ្រប់គ្នាចូលរួមផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន