ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ភាពយន្តព្រះនាងព្រិលស “Snow White” ថ្មីដែលជា Version មនុស្សសម្ដែងទើបតែបញ្ចេញ Trailer ផ្លូវការដំបូងកាលពីពេលថ្មីៗនេះ ប៉ុន្តែហាក់ទទួលបានមតិឆ្លើយតបអវិជ្ជមានច្រើនពីសាធារណជន។
ភាពយន្តគំនូរជីវចលព្រះនាងព្រិលសដែលជាការចងចាំដ៏ស្រស់ស្អាតរបស់អ្នកគាំទ្រភាពយន្ត Disney ជុំវិញពិភពលោក ត្រូវបានផលិតជា Version មនុស្សសម្ដែងដោយចំណាយដើមទុនខ្ពស់រហូតដល់ ២០០ លានដុល្លារ ដោយនឹងចាប់ផ្ដើមចេញបញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី២៥ ខែមីនាខាងមុខ។
តាមរយៈវីដេអូ Trailer ដំបូងដែលក្រុមហ៊ុន Disney ទើបតែបញ្ចេញប៉ុន្មានថ្ងៃមុននេះ គេសង្កេតឃើញមានឈុតឆាកខ្លះដែលទស្សនិកជនមិនធ្លាប់បានឃើញក្នុង Version គំនូរជីវចល ដូចជាឈុតដែលព្រះនាងព្រិលសនាំកងកម្លាំងមកទាមទារអាណាចក្ររបស់នាងមកវិញ។
សម្រាប់ Version ថ្មីនេះ តួអង្គព្រះនាងព្រិលសត្រូវបានសម្ដែងដោយតារាចម្រៀងនិងសម្ដែងអាមេរិក Rachel Zegler (រ៉ាឆេល ហ្សេក្លឺ) ខណៈតួអង្គម្ចាស់ក្សត្រីម្ដាយចុងត្រូវបានសម្ដែងដោយតួ “Wonder Woman” គឺតារាសម្ដែង Gal Gadot (ហ្កាល ហ្កាដត)។
មិនត្រឹមតែមានតារាល្បីៗចូលសម្ដែង ប៉ុន្តែផលិតករពីក្រោយរឿងនេះក៏សុទ្ធសឹងជាអ្នកមានស្នាដៃលេចធ្លោមិនធម្មតាដែរ ដោយភាពយន្តថ្មីនេះត្រូវបានសហការផលិតរួមគ្នាដោយផលិតករទាំងពីររូបពីភាពយន្ត “Wicked” (វីកឃីត) គឺ Marc Platt និង Jared LeBoff (ម៉ាក ផ្លាត និង ជែរីត ឡឺ បហ្វ) និងដឹកនាំដោយលោក Marc Webb ដែលត្រូវបានស្គាល់សម្រាប់ការដឹកនាំរឿង “Spider-Man” ជាច្រើនវគ្គ។
ទោះយ៉ាងណា រឿងនេះហាក់ទទួលបានមតិអវិជ្ជមានច្រើន ជាពិសេសសម្រាប់ការជ្រើសរើសតួអង្គព្រះនាងព្រិលសដែលទស្សនិកជនជាច្រើនគិតថាមិនសក្ដិសម រហូតធ្វើឱ្យវីដេអូ Trailer មានអ្នកចុច Dislike ផ្កាប់មេដៃច្រើនជាង ៤ សែននាក់ ខណៈអ្នកចុច Like លើកមេដៃត្រឹម ២ ម៉ឺននាក់ប៉ុណ្ណោះនៅលើ Youtube ក្រោយចេញផ្សាយបាន២ថ្ងៃ ៕
ប្រែសម្រួល៖ វ៉ាន់ថន