ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសល់ពេល ១០ថ្ងៃទៀត សម្រាប់បេក្ខជន ដែលត្រូវការអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច។ វិទ្យាស្ថានជាតិសង្គមកិច្ច ផ្តល់អាហារូបករណ៍ រៀនដោយមិនបង់ថ្លៃ ថ្នាក់បរិញ្ញាបត្រ ចំនួន ៣៣០កន្លែង។ ហេតុនេះ អ្នកដែលមានសញ្ញាបត្របាក់ឌុប ឬទើបតែបានប្រឡងជាប់បាក់ឌុប សុទ្ធតែអាចដាក់ពាក្យប្រឡង យកអាហារូបករណ៍នេះ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០ កន្លែង របស់ វិទ្យាជាតិសង្គមកិច្ច សម្រាប់បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឬ សម្រាប់អ្នកដែលទើបតែបានប្រឡងជាប់ឌុប បើទោះបីជាពុំទាន់មានសញ្ញាបត្រក៏អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះបានដែរ ហើយកាលបរិច្ឆេទ នៃការឈប់ទទួលពាក្យគឺនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។
ដូច្នេះបេក្ខជនដែលមានចំណាប់អារម្មណ៍ ជាពិសេសបេក្ខជន នៃគ្រួសារក្រីក្រ មកពីជនបទជាដើម សូមរូតរះបំពេញ និងដាក្យពាក្យចាប់យកឱកាសដ៏មានតម្លៃនេះឱ្យបានទាន់ពេលវេលា ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច នាឱកាសផ្ដល់បទសម្ភាសន៍ផ្ដាច់មុខដល់ PNN នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ។
សូមជម្រាបជូនថា អាហារូបករណ៍ដែលត្រូវបានផ្ដល់ជូននៅពេលនេះមានចំនួន ៩ ឯកទេសគឺ ទី១.សង្គមវិជ្ជា,ទី២.សង្គមកិច្ចវិជ្ជា,ទី៣.កិច្ចគាំពារសង្គម,ទី៤.គោលនយោបាយសង្គម,ទី៥.គោលនយោបាយសាធារណៈ,ទី៦.រដ្ឋបាលសាធារណៈ ,ទី៧.គ្រប់គ្រងសាធារណៈ ,ទី៨.អក្សរសាស្ត្រ ភាសាអង់គ្លេស និងទី៩.វិស្វកម្មឧបករណ៍សិប្បនិម្មិត និងរណប ។
បេក្ខជន អាចទៅរកពាក្យនៅឯវិទ្យាស្ថានជាតិសង្គមកិច្ច ដែលស្ថិតនៅតាមវិថីដួងងៀប ដោយផ្ទាល់ក៏បាន នៅរៀងម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ឬអាចទាញយកពាក្យតាមផេចរបស់វិទ្យាស្ថានជាតិសង្គមកិច្ចក៏បាន ។គួរជម្រាបជូនថា សម្រាប់ប្រទេសជឿនលឿន មានអ្នកបម្រើការងារផ្នែកសេវាសង្គមម្នាក់ សម្រាប់មនុស្សប្រមាណជា ៥០០ ទៅ ១ ០០០ នាក់ ។ចំណែកបណ្ដាប្រទេសក្នុងតំបន់ មានអ្នកបម្រើសេវាសង្គមម្នាក់សម្រាប់មនុស្សប្រមាណជា ៣ ៥០០ នាក់ ។
ដោយឡែកនៅកម្ពុជា ទើបតែមានអ្នកបម្រើសេវាសង្គមម្នាក់ប៉ុណ្ណោះ សម្រាប់មនុស្សប្រមាណជា ១ ម៉ឺន ២ ពាន់នាក់ ពោលគឺកម្ពុជា កំពុងនៅត្រូវការធនធានមនុស្សផ្នែកសេវាសង្គមនេះច្រើននាក់ថែមទៀត ឬក៏អាចនិយាយម្យ៉ាងទៀតថា ចំពោះអ្នកដែលប្រឡងជាប់ចូលសិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច និងបានរៀនជាប់ដោយជោគជ័យនោះ ពួកគេនឹងមានឱកាសការងារច្រើន ទាំងក្នុងស្ថាប័នរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ សែត ប៊ុនថាន់