ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

«វេទិកាសន្តិសុខសាយប័រ សម្រាប់យុវជន» ធ្វើឡើង ដើម្បីផ្សព្វផ្សាយពីរបៀបការពារខ្លួនពីការឆបោក និងគំរាមកំហែងតាមអ៊ីនធឺណែត 

២៤ ធ្នូ ២០២៤ | ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធី «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» ដើម្បីផ្សព្វផ្សាយពីរបៀបការពារខ្លួនពីការឆបោក និងគំរាមកំហែងតាមអ៊ីនធឺណែត។ វេទិកានេះ មានយុវជនប្រមាណជាង ៤០០នាក់ ចូលរួមស្វែងយល់ និងសិក្សាពីរបៀបការពារខ្លួនពីហានិភ័យ និងការឆបោកតាមអ៊ីនធឺណែត ជាដើម។ 

 


កាលពីរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ម្សិលមិញនេះ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានរៀបចំ «វេទិការសន្តិសុខសាយប័រសម្រាប់យុវជន» ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់យុវជន អំពីការគំរាមកំហែងតាមអ៊ីនធឺណែត ព្រមទាំងណែនាំអំពីការទុកដាក់ពាក់ព័ន្ធជាមួយឯកជនភាពនៃទិន្នន័យរបស់ខ្លួនឱ្យល្អ ជៀសវាងមានការលួច ឬឆបោកតាមអ៊ីនធឺណែត។វេទិការនេះ រៀបចំឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមានការចូលរួមពី សិស្ស និស្សិតប្រមាណ ៤០០ នាក់។ 

 

 

លោក ជា លីនណា ក្រុមការងារបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា វេទិការនេះមានគោលបំណងសំខាន់ គឺផ្សព្វផ្សាយទៅកាន់យុវជន ពីហានិភ័យ និងរបៀបការពារខ្លួននៅក្នុងសន្តិសុខសាយប័រ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមយុវជនរបស់យើង អាចផ្សព្វផ្សាយបន្ត។ 

 

 

ជាមួយគ្នានេះ កញ្ញា ណាន សាន់ណា ជានិស្សិតឆ្នាំទី៣ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹងដែរថា វេទិការនេះ ពិតជាផ្តល់សារៈសំខាន់ដល់យុវជនដែលចូលរួម ខណៈដែលយុគសម័យឌីជីថល ប្រើប្រាស់បច្ចេកវិទ្យានៅស្ទើរតែគ្រប់ទីកន្លែង ដូច្នេះ បញ្ហាប្រឈម និងហានិភ័យជាច្រើនក៏ដើរទន្ទឹមគ្នាផងដែរ ដែលទាមទារឱ្យមានការយល់ដឹងពាក់ព័ន្ធជាមួយការការពារពីហានិភ័យទាំងនោះ។ 

 


ចំណែក កញ្ញា អេង ពេជ្រចរណៃ ជានិស្សិតឆ្នាំទី៤ នៃសាលាបណ្ឌិតសភាឌីជីថលកម្ពុជា ក៏បានឱ្យដឹងដែរថា វេទិការនេះបានផ្តល់ចំណេះដឹងដល់យុវជនជាច្រើន អំពីការទុកដាក់ និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេឱ្យមានសុវត្ថិភាព និងវិធីណាខ្លះដែលពួកគេអាចជៀសបានពីការលួចទិន្នន័យ ឬហានិភ័យផ្សេងៗទៀតតាមអ៊ីនធឺណែត។ សូមបញ្ជាក់ដែរថា វេទិការនេះ ក៏ជាផ្នែកមួយនៅក្នុងគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ដែលរៀបចំឡើយដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលគម្រោងនេះ គឺជាយុទ្ធនាការចូលរួម លើកកម្ពស់ និងបញ្រ្ជាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ។

 

 

តាមរយៈវេទិការនេះ អ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា បានចូលរួមចែករំលែក និងណែនាំ អំពីវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតប ចំពោះការគំរាមកំហែង សន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពចំពោះកុមារផងដែរ៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ, រូបភាព៖ សុខ ពិសិដ្ឋ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024