ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ទោះជាចាស់បន្តិចក៏ពិតមែន ប៉ុន្តែស្ត្រីជនជាតិឥណ្ឌាវ័យ៧៣ឆ្នាំម្នាក់នៅតែអាចចូលរួមក្នុងការរត់កីឡាម៉ារ៉ាតុងដោយជោគជ័យនៅក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងមួយកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
ស្ត្រីឈ្មោះ Sulatha Kamath បានផ្គើននឹងបទដ្ឋានសង្គម និងបំបែកកំណត់ត្រាអាយុនៅប្រទេសឥណ្ឌាសម្រាប់ការបញ្ចប់ការរត់ម៉ារ៉ាតុងដោយជើងទទេនៅអាយុ ៧៣ ឆ្នាំកាលពីប៉ុន្មានសប្ដាហ៍មុននេះដោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងប្រភេទកីឡាម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រជាមួយនឹងការប្រើប្រាស់ថិរវេលាជិត៣ម៉ោង។
អ្នករត់ប្រណាំងរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីអាចចូលរួមក្នុងការរត់ម៉ារ៉ាតុង វាចាំបាច់ត្រូវធ្វើលំហាត់ប្រាណជាទៀងទាត់ និងហូបអាហារមានកម្រិតដើម្បីជៀសវាងជំងឺទូទៅសម្រាប់មនុស្សចាស់ដូចជាជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាដើម។
អ្នកស្រីបានបន្ថែមថា ទោះបីជាចាស់ហើយក៏ដោយ ក៏ពួកគេនឹងនៅតែមើលទៅក្មេងជាងវ័យដដែលនៅពេលពួកគេហូបចុកមានវិន័យ។ ដូច្នេះហើយការទទួលទានអាហារគួរតែមានកម្រិត មិនឱ្យច្រើនពេក ហើយគួរតែអាហារចម្អិនដោយខ្លួនឯង និងជៀសវាងហូបភីហ្សា និងប៊ឺហ្គឺផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នកស្រី Sulatha បានទទួលមេដាយប្រហែល១,១០០ ពីការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិដោយចូលរួមក្នុងការរត់ម៉ារ៉ាតុងយ៉ាងតិច២២លើកនៅក្រៅប្រទេស។
អ្នកស្រីបាននិយាយថា គាត់នឹងបន្តរត់ជារៀងរហូតដរាបណាគាត់នៅមានជីវិតព្រោះគាត់ចូលចិត្តការរត់ខ្លាំងណាស់។ គាត់មានអារម្មណ៍ថាដូចជាអណ្តែតលើអាកាសពេលគាត់កំពុងរត់ម្ដងៗព្រោះរាងកាយរបស់គាត់ស្រាល និងមានអារម្មណ៍សប្បាយរីករាយផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន