ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

រាជរដ្ឋាភិបាល ផ្តល់ការលើកទឹកចិត្តដល់ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកនៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារ

២៧ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសដល់ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកនៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារអាម៉េរិក។

 

 

នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ ការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។

 


នាឱកាសនោះ អង្គប្រជុំ បានពិនិត្យសម្រេចលើ ការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០ លានដុល្លារអាម៉េរិក។

 


ទន្ទឹមគ្នានេះ អង្គប្រជុំ ក៏បានពិនិត្យ និងពិភាក្សា ដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិន ដែលមានសក្តានុពលខ្ពស់ចំនួន ២រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០លានដុល្លារអាម៉េរិក ក្នុងទំហំដីជាង ៣០០ហិកតា ។

 


ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្ត បានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្រោមអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024