ថ្ងៃសុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន បាន និងកំពុងអនុវត្តគម្រោងរេដបូក សម្រាប់ឥណទានកាបូន ដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់

២៦ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ



ក្រសួងបរិស្ថាន បានប្រកាសថា នៅពេលនេះ ក្រសួង បាន និងកំពុងអនុវត្តគម្រោងរេដបូក សម្រាប់ឥណទានកាបូន ដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់។សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន បង្ហាញថា កន្លងមក មានសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក ( REDD+ ) នៅកម្ពុជា។

 


ក្រសួងបរិស្ថាន ក៏បានប្រកាសបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែងទាំងនោះ ដោយមូលហេតុ៖ ទី១-ក្រសួងបរិស្ថាន បាន និងកំពុងអនុវត្តគម្រោងរេដបូក ( REDD+ ) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់ ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។

 


ទី២-ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក ( REDD+ ) ដោយជំរុញការអនុវត្តច្បាប់ ១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។

 


ទី៣-យន្តការសវនកម្មឯករាជ្យអន្តរជាតិ បានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូន នៃគម្រោងរេដបូក ( REDD+ ) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងថា យន្តការរេដបូក ( REDD+ ) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍ នៅតាមមូលដ្ឋានកាន់តែប្រសើរ។


ក្រសួងបរិស្ថាន ក៏បានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរេដបូក នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈសារព័ត៌មាន ខណៈដែលកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស កំពុងអនុវត្តកម្មវិធីរេដបូក បានល្អ នៅក្នុងពិភពលោក។សូមរម្លឹកថា ឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក ( REDD+ ) នៅកម្ពុជា គឺជាកម្មវិធីជាតិ កាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់។ រេដបូក មានគោលបំណង ការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ។

 


ចាប់តាំងពីឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០២១ កម្ពុជាបានទទួលថវិកាចំនួន ១១លាន ៦សែនដុល្លារ ពីការលក់ឥណទានកាបូន ក្នុងគម្រោងចំនួនពីរ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង។ក្រសួងបរិស្ថាន ក៏បានប្រកាសថា មុននឹងទទួលបានឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្ត ដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។ 


ការសម្រេចទិញឥណទានកាបូនពីកម្ពុជា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិ នៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិ ត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព៕


 

អត្ថបទ និងរូបភាព៖ ក្រុមព័ត៌មាន PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024