ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ហ្វីលីពីន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ ខណៈ​ព្យុះ​ទីហ្វុង Usagi បោកបក់ជិតទៅដល់

១៤ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសហ្វីលីពីន បានតំឡើងការប្រកាសអាសន្នពីព្យុះទៅកាន់កម្រិតខ្ពស់បំផុត និងបានជម្លៀសមនុស្សរាប់ពាន់នាក់នៅថ្ងៃព្រហស្បតិ៍ (១៤វិច្ឆិកា)នេះ ខណៈព្យុះទីហ្វុង Usagi បានបក់បោកឆ្ពោះទៅភាគខាងជើងដែលជាតំបន់បានទទួលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយរួចទៅហើយ។

 

ព្យុះUsagi មានល្បឿន១៨០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងបោកបក់លើកោះLuzon នៅពេលរសៀល(ម៉ោងក្នុងតំបន់)។ ព្យុះUsagi ជាព្យុះទី៥ដែលបានបោកបក់លើប្រទេសហ្វីលីពីនក្នុងពេលត្រឹម៣សប្តាហ៍ប៉ុណ្ណោះ។ 

 

ភ្លៀងធ្លាក់ខ្លាំង និងរលក​សមុទ្រ​ដល់​ទៅ៣ម៉ែត្រដែល​អាច​គំរាមកំហែង​អាយុជីវិត​ ត្រូវបានព្យាករណ៍ថា នឹងកើតមានក្នុងរយៈពេល២ថ្ងៃ ហើយការព្រមានពីព្យុះ ក៏បានតំឡើងទៅកាន់កម្រិតខ្ពស់បំផុតក្នុងចំណោមកម្រិតប្រកាសអាសន្នទាំង៥កម្រិត។យោងអាជ្ញាធរហ្វីលីពីន។

 

អាជ្ញាធរហ្វីលីពីន ឱ្យដឹងបន្តថា ការជម្លៀសប្រជាជនកំពុងធ្វើឡើងនៅតំបន់ឆ្នេរ និងតំបន់ទំនាបរបស់ខេត្តCagayan។  ប្រជាជនខេត្តCagayan ច្រើនជាង៥០០០នាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននៅឡើយ ដោយសារព្យុះបោកបក់កាលពីមុន។

 

ព្យុះធំៗ និងព្យុះទីហ្វុងប្រហែល២០ បានវាយប្រហារប្រទេសដែនកោះហ្វីលីពីន និងដែនទឹកជុំវិញប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ សម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្រយូរអង្វែង។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024