ថ្ងៃច័ន្ទ ទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ផ្សែងអ័ព្ទពុលគ្របដណ្តប់ទីក្រុងញូវដេលីប្រទេសឥណ្ឌានៅព្រឹកថ្ងៃពុធនេះ

១៣ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

អ័ព្ទពុល បានគ្របដណ្តប់លើរដ្ឋធានីជាតិ របស់ប្រទេសឥណ្ឌានៅព្រឹកថ្ងៃពុធ(១៣វិច្ឆិកា) ខណៈដែលសីតុណ្ហភាពធ្លាក់ចុះ និងការបំពុលកើនឡើង បានកាត់បន្ថយកម្រិតមើលឃើញក្នុងតំបន់ខ្លះ ហើយអាជ្ញាធរបានចេញការព្រមានថា ជើងហោះហើរជាច្រើនប្រហែលជារងផលប៉ះពាល់។ 

 

ទីក្រុងញូវដេលី ដែលជារដ្ឋធានីជាតិ របស់ប្រទេសឥណ្ឌា បានជំនួសតំណែងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន ក្លាយជាទីក្រុងដែលមានខ្យល់ពុលបំផុតនៅក្នុងពិភពលោក តាមរយៈការវាយតម្លៃរបស់ទីភ្នាក់ងារ IQAir ដែលមានសន្ទស្សន៍គុណភាពខ្យល់ច្រើនជាង១០០០ ជាកម្រិតមួយដែលចាត់ទុកថា គុណភាពខ្យល់គ្រោះថ្នាក់ ប៉ុន្តែ អាជ្ញាធរវាយតម្លៃគុណភាពខ្យល់ប្រទេសឥណ្ឌាថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតនៅកម្រិតប្រហែល៣៥០។ 

 

មិនមានការពន្យល់បកស្រាយពីភាពខុសគ្នានេះឡើយ។ 

 

ការិយាល័យឧតុនិយមឥណ្ឌា (IMD) ឱ្យដឹងថា កម្រិតនៃការបំពុលខ្យល់ បានកាត់បន្ថយកម្រិតមើលឃើញមកត្រឹម ១០០ ម៉ែត្រ នៅកន្លែងខ្លះនៅម៉ោងប្រហែល៨ព្រឹក។

 

ការិយាល័យIMD បន្ថែមថា សីតុណ្ហភាពក្នុងទីក្រុងដេលី នៅព្រឹកថ្ងៃពុធនេះបានធ្លាក់ចុះដល់១៧អង្សាសេ ពី១៧,៥អង្សាសេ កាលពីថ្ងៃអង្គារ ហើយនឹងអាចធ្លាក់ចុះបន្ថែមទៀត ដោយសារពន្លឺព្រះអាទិត្យនៅតែបិទបាំងដោយផ្សែងអ័ព្ទពុល។ 

 

ទីក្រុងញូវដេលី ជួបប្រទះខ្យល់ពុលខ្លាំងនៅរៀងរាល់រដូវរងារ ខណៈខ្យល់ត្រជាក់ នៅលាយឡំទៅនិងធូលី ផ្សែងពុល និងផ្សែងពីការដុតរានដីធ្វើកសិកម្ម។ កាលពីពេលកន្លងទៅ អាជ្ញាធរទីក្រុងញូវដេលី បានបិទសាលារៀន ដាក់ការរឹតត្បិតលើយានយន្តឯកជន និងបញ្ឈប់ការសាងសង់អាគារមួយចំនួនដើម្បីកាត់បន្ថយបញ្ហាខ្យល់ពុល។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024