ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

មនុស្ស២នាក់ស្លាប់ និង១២នាក់កំពុងបាត់ខ្លួនក្នុងការលិចទូកនេសាទនៅជិតឆ្នេរសមុទ្រកូរ៉េខាងត្បូង

០៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

ប្រធាននាយកដ្ឋានអគ្គិភ័យ និងសុវត្ថិភាពនៅកោះជេជូរបស់កូរ៉េខាងត្បូងលោក វ៉ា វ៉ុន បុង (Jwa Won-Bong) បាននិយាយថា មនុស្សចំនួនពីរនាក់បានស្លាប់ ហើយ១២នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទូកនេសាទមួយគ្រឿងបានលិចនៅថ្ងៃសុក្រនេះនៅក្នុងដែនទឹកនៃកោះជេជូ (Jeju) របស់កូរ៉េខាងត្បូង។

 

 

បើតាមមន្ត្រីនៅទីក្រុងជេជូបានឱ្យដឹងថា មន្ត្រីអាជ្ញាធរបានបាត់ដានទូកនេះចេញពីប្រព័ន្ធតាមដានរបស់ទីក្រុងកំពង់ផែប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃនេះ។ មន្ត្រីមូលដ្ឋានបាននិយាយថា ទូកនេសាទនេះបានដឹកមនុស្ស២៧នាក់ ហើយមកដល់ពេលនេះមនុស្សចំនួន ១៥ នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះក៏មានជនជាតិបរទេសមួយចំនួនផងដែរ ខណៈដែល១៣នាក់បានរងរបួសស្រាល។

 

 

មន្ត្រីនេះបានបញ្ជាក់ថា អ្នកស្លាប់ទាំងពីរនាក់គឺជាជនជាតិកូរ៉េខាងត្បូង ហើយមូលហេតុនៃការលិចទូកនេះនៅមិនទាន់ដឹងនៅឡើយទេ ខណៈគេកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។ មន្ត្រីដដែលនេះបានបន្ថែមទៀតថា ឆ្មាំសមុទ្រកូរ៉េខាងត្បូងបានទទួលការហៅទូរស័ព្ទដែលរៀបរាប់អំពីទុក្ខសោករបស់ពួកគេកាលពីថ្ងៃទី៧ ខែវិច្ឆិកាស្ថិតនៅចម្ងាយ២៤គីឡូម៉ែត្រពីកោះមួយនៅឆ្នេរសមុទ្រជេជូ។

 

 

 

ការិយាល័យប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន ស៊ុកយែល បានបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ត្រូវបញ្ជូនទៅកន្លែងហេតុដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះជាបន្ទាន់៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025