ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

រយៈពេល ៣ថ្ងៃនៃយុទ្ធនាការបង្រ្កាបអាជីវកម្មរ៉ែមាស នៅចុងផ្លាស់ បាន ៥៦ទីតាំង 

០៧ ​វិច្ឆិកា ២០២៤ | ព័ត៌មានជាតិ

ក្រសួងរ៉ែ និងថាមពល ចាប់ផ្តើមយុទ្ធនាការបង្រ្កាបអាជីវកម្មរ៉ែមាស នៅសហគមន៍ចុងផ្លាស់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សហគមន៍នេះ បានបន្តអាជីវកម្មជីករ៉ែមាសអនាធិបតេយ្យ ដែលបានបង្កគ្រោះថ្នាក់ជាច្រើន។ ការចុះបង្រ្កាបរបស់អាជ្ញាធរ បានចាប់ផ្តើមពីថ្ងៃទី៣ ខែវិច្ឆិកា។ គិតត្រឹមថ្ងៃទី៥វិច្ឆិកា អាជ្ញាធរសមត្ថកិច្ច បង្រ្កាបបានចំនួន ៥៦ទីតាំង។ 

 


ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី ការបង្រ្កាបរ៉ែមាសអនាធិបតេយ្យនៅតំបន់ចុងផ្លាស់ ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងរ៉ែនិងថាមពល ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្រសួងបានចាប់ផ្តើមយុទ្ធនាការបង្រ្កាអាជីវកម្មរ៉ែមាសអនាធិបតេយ្យជាថ្មីនៅក្នុងតំបន់ចុងផ្លាស់កាលពីថ្ងៃទី ៣កន្លងមក ដែលរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៥វិច្ឆិកាម្សិលមិញនេះ ក្រសួងក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានចុះបង្រ្កាបបានទីតាំងចំនួន ៥៦ ក្នុងនោះរកឃើញមានអណ្តូងរ៉ែចំនួន ៣៦ និងទីតាំងកិននិងរែងរ៉ែចំនួន ២០ទីតាំង។ 

 

 

យោងតាមឯកឧត្តម អ៊ឹង ឌីប៉ូឡា សហគមន៍ចុងផ្លាស់នេះ ត្រូវបានក្រសួងសិក្សានិងរៀបចំជាសហគមន៍រ៉ែមាសស្របច្បាប់នៅក្នុងឆ្នាំ ២០១៥ ដោយបានកំណត់តំបន់សហគមន៍នេះចំនួន ៤៣ហិកតា និងកំណត់លក្ខខណ្ឌបច្ចេកទេសដោយមិនអនុញ្ញាតឱ្យធ្វើលើសពីជម្រៅ ២០ម៉ែត្រ និងមិនឱ្យប្រើប្រាស់សារធាតុគីមី ក្នុងការចម្រាញ់រ៉ែមាសនោះទេ។ ប៉ុន្តែនៅឆ្នាំ២០១៨ ក្រសួងសម្រេចបញ្ចប់អាជីវកម្មរ៉ែមាសរបស់សហគមន៍នេះជាស្ថាពរ ដោយសហគមន៍មិនគោរពតាមលក្ខខណ្ឌ និងបានធ្វើសកម្មភាពកាន់តែគ្រោះថ្នាក់ទៅ ដោយការជីកយករ៉ែមាសក្នុងជម្រៅជាង ១០០ម៉ែត្រ និងបានប្រើប្រាស់សារធាតុគីមីចម្រាញ់យករ៉ែយ៉ាងអាណាធិបតេយ្យ។ ក្រោយការបញ្ចប់អាជីវកកម្ម ក្រសួងតែងតែចុះទៅកាន់សហគមន៍ ធ្វើការណែនាំពីគ្រោះថ្នាក់នានាដែលអាចបង្កឱ្យកើតមានឡើងតាមរយៈការប្រកបអាជីវកម្មខុសច្បាប់នេះ។ 

 

 

បើទោះបីជា មន្ទីររ៉ែនិងថាមពលខេត្តមណ្ដលគិរី បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ ហើយក្រសួងក៏បានបញ្ចប់សិទ្ធិក្នុងការធ្វើអាជីវកម្មរ៉ែមាសរបស់សហគមន៍ក៏ដោយ អាជីវកម្មរ៉ែមាសនៅក្នុងតំបន់ចុងផ្លាស់នេះ បានកម្រើកឡើងវិញនៅក្នុងកំឡុងនៃជំងឺរាតត្បាតកូវីដ១៩ ដោយហេតុថា ក្រុមការងារក្រសួង និងអាជ្ញាធរពាក់ព័ន្ធមិនអាចចុះអប់រំ និងទប់ស្កាត់បានក្នុងកំឡុងពេលនោះ។ ឯកឧត្តមបន្តថា សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីសកម្មភាពទាំងនេះ វាបានបង្កឱ្យបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋានផងដែរ។ 

 

 

ទន្ទឹមនឹងគ្នានេះ ក្រសួងរ៉ែនិងថាមពល ក៏បានប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន។ ហើយក្នុងយុទ្ធនាការបង្រ្កាបនេះ ក្រសួងក៏បានដាក់ចេញនូវវិធានាការតឹងរឹងចំពោះជនល្មើសដែលមិនរាងចាល និងបានកាត់ផ្តាច់មធ្យោបាយនានាដែលគាំទ្រដល់សកម្មភាពល្មើសច្បាប់។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកកាន់ក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024