ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
មិនត្រឹមតែមានរូបស្រស់ស្អាតប៉ុណ្ណោះទេ តារាម៉ូដែល២រូប ថែមទាំងចាប់អារម្មណ៍ពីបច្ចេកវិទ្យាថ្មីៗ ដែលអាចផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃទៀតផង។
ក្នុងឈុតរ៉ូបពណ៌ទឹកប៉ិចយ៉ាងប្រណីត តារាម៉ូដែល ២រូប យិន ពិដោរ និងអូន ស៊ូៗ បានបង្អួតសម្រស់ដ៏ស្រស់សោភារបស់ពួកគេក្នុងពិធីសម្ពោធជាផ្លូវការរថយន្តភីកអាប់អគ្គិសនីថ្មីប្រភេទ Shark 6 ដែលមានមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រតិដ្ឋ កាលពីចុងសប្តាហ៍កន្លងទៅ នៅ ដឹព្រេមៀ សេនធ័រ សែនសុខ ដោយមានការចូលរួមពីភ្ញៀវកិត្តយសយ៉ាងច្រើនកុះករ។
យូរៗបានរួមការងារជាមួយគ្នាម្តង ម៉ូដែលស្រស់ស្អាតទាំង ២ ខាងលើ ចាយរាងមិនសំចៃដៃឡើយ ហើយពួកគេពិតជាសប្បាយដែលមានឱកាសរួមការងារជាមួយគ្នាម្តងទៀត ក្រោយបែកគ្នាអស់មួយរយៈ។ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តារាម៉ូដែលរូបស្រស់ទាំង ២ ក៏ចាប់អារម្មណ៍ពីបច្ចេកវិទ្យាទំនើបថ្មីៗ ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅក្នុងយុគសម័យថ្មីដែលគេនិយមប្រើប្រាស់សម្ភារៈ និងឧបករណ៍ទំនើបៗថែមទៀតផង។
តារាម៉ូដែលរូបស្រស់ទាំង ២រូបខាងលើ យល់ឃើញថា វាពិតជាសំខាន់ណាស់ ដែលយើងក្នុងនាមជាយុវវ័យជំនាន់ក្រោយត្រូវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ដើម្បីដើរឱ្យទាន់សម័យកាល ដែលបច្ចេកទេសកំពុងរីកដុះដាលដូចផ្សិត។ វារឹតតែល្អ ប្រសិនបើកបច្ចេកវិទ្យាទំនើបទាំងនោះជួយផ្តល់ផលវិជ្ជមានសម្រាប់អ្នកប្រើប្រាស់ និងចូលរួមការពារបរិស្ថានបានផងដែរ។
ម៉ូដែលរូបស្រស់ទាំង ២ ចង់ឱ្យគ្រប់គ្នាយកចិត្តទុកដាក់ចំពោះបច្ចេកវិទ្យាដែលកើតឡើងថ្មីៗស្ទើររាល់ថ្ងៃ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ធ្វើយ៉ាងណាឱ្យយើងដែលជាអ្នកប្រើប្រាស់ទទួលបានប្រសិទ្ធភាពពេញលេញ ជៀសវៀងការបង្កផលប៉ះពាល់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច