ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

WTO ព្យាករទំហំពាណិជ្ជកម្មសកល កើនឡើង ២,៧% នៅឆ្នាំ ២០២៤

១៥ តុលា ២០២៤ | សេដ្ឋកិច្ច

 

 

អង្គការពាណិជ្ជកម្មពិភពលោក បានបញ្ជាក់នៅក្នុង ការធ្វើបច្ចុប្បន្នភាពនៃ ទស្សនវិស័យពាណិជ្ជកម្មសកល និងស្ថិតិ ឱ្យបានដឹងថា ពាណិជ្ជកម្មទំនិញសកល គឺមាននិន្នាការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ដោយមានកំណើន ២,៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


អគ្គការ បានបញ្ជាក់ទៀតថា កំណើននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបន្តបន្ថែមទៀត ពេញមួយឆ្នាំ ២០២៤ និងឈានដល់ឆ្នាំ ២០២៥។ជាក់ស្តែង អ្នកសេដ្ឋកិច្ច រំពឹងថា នឹងមានការងើបឡើងវិញជាបណ្តើរៗ នៅក្នុងពាណិជ្ជកម្មសកលសម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នចំពោះ ការធ្លាក់ចុះដែលអាចកើតមាន ជាពិសេសការកើនឡើងសក្តានុពលនៃ ជម្លោះក្នុងតំបន់ដូចជានៅមជ្ឈិមបូព៌ា។

 


ទន្ទឹមនឹងនេះដែរ ការនាំចេញរបស់អាស៊ី សម្រាប់ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,៤% ពោលគឺ លើសពីតំបន់ផ្សេងទៀត ដែលវាត្រូវបានជំរុញដោយ មហាអំណាចសេដ្ឋកិច្ចធំៗដូចជា ប្រទេសចិន សិង្ហបុរី និងកូរ៉េខាងត្បូង ទ្រទ្រង់ដោយការកើនឡើងនៃ ការនាំចេញគ្រឿងអេឡិចត្រូនិច ផលិតផលរថយន្ត និងទំនិញផ្សេងទៀតពីប្រទេសចិន។

 


សូមជម្រាបថា តាមការព្យាករ ទំហំពាណិជ្ជកម្មទំនិញពិភពលោក ទំនងជាកើនឡើង ៣% ក្នុងឆ្នាំ ២០២៥ខាងមុខ ទោះយ៉ាងណាក៏ដោយ ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនូវ ភាពមិនច្បាស់លាស់នៃគោលនយោបាយសេដ្ឋកិច្ច អាចបន្តបង្កហានិភ័យធ្លាក់ចុះយ៉ាងខ្លាំងចំពោះការព្យាករណ៍៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024