ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ការធ្វើពាណិជ្ជកម្ម គឺការបើកទ្វារទាំងសងខាង ដើម្បីពង្រឹងសមត្ថភាពបំពេញតម្រូវការទីផ្សារ និងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ

១៥ តុលា ២០២៤ | សេដ្ឋកិច្ច

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកម្ពុជានៅតូចនៅឡើយ ដូច្នេះត្រូវតែបើកទ្វារ ធ្វើពាណិជ្ជកម្ម ជាមួយទីផ្សារអន្ដរជាតិ និងត្រូវតែបើកឱ្យមានការនាំចេញ និងនាំចូលនូវទំ និញរវាងគ្នាទៅវិញទៅមក មិនអាចបិទមិនឱ្យគេនាំចូលមកវិញបានទេ។

 

 

ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការសម្រេចចូលរួមជាសមាជិករបស់ WTO ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ហើយការអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជា ប្រវត្តិសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ 

 


បន្ថែមពីលើនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅ នឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ។សម្តេចបានថ្លែងបញ្ជាក់ថា ក្នុងការបើកទីផ្សារធ្វើពាណិជ្ជកម្ម ជាមួយទីផ្សារអន្តរជាតិ ត្រូវតែចំហរឱ្យមានការនាំចេញ និងនាំចូលរវាងគ្នាទៅវិញទៅមក និងត្រូវតែហ៊ានធ្វើការប្រកួតប្រជែង ពោលគឺកម្ពុជាមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលបាននោះឡើយ។

 


ក្នុងការបើកទីផ្សារនេះទៀតសោត មិនមែនគ្រាន់តែចាប់យកទីផ្សារនោះធំទេ ទាមទារត្រូវតែមានផលិតផលមានគុណភាព និងស្តង់ដាខ្ពស់ ដើម្បីនាំចូលទៅបណ្តាប្រទេសអភិឌ្ឍន៍។ដូច្នេះ ទាំងរដ្ឋ និងឯកជន ត្រូវតែពង្រឹងខ្លួនឯងបន្ថែមទៀត តាមរយៈការប្រើប្រាស់ទាំងបច្ចេកវិទ្យា និងស្តង់ដាផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។

 


ទន្ទឹមនឹងនេះ នៅក្នុងទីលានប្រកួតប្រជែងមួយត្រូវតែមានការបើកចំហរ ព្រោះពេលដែលកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មអន្តរជាតិ កម្ពុជាមិនអាចដាក់លក្ខខណ្ឌមួយចំនួនសម្រាប់ការពារខ្លួនបានទេ ប្រសិនបើយើងបិទនូវលក្ខខណ្ឌណាមួយ បានន័យថា យើងមិនទទួលនូវលក្ខខណ្ឌបែបនេះនោះទេ ហើយគេក៏មិនទទួលរបស់យើងដូចគ្នាដែរ។ ដូច្នេះ ហើយការធ្វើពាណិជ្ជកម្ម គឺការបើកទ្វារទាំងសងខាង និងត្រូវសម្របសម្រួលខ្លួនទៅលក្ខខណ្ឌ ឬកាលៈទេសៈផ្សេងៗ។

 


គួរជម្រាប បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា គិតមកទល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយ ដែលកម្ពុជា បានក្លាយជា សមាជិកផ្លូវការ និងទទួលបានផលប្រយោជន៍ជាច្រើន ជាក់ស្តែង ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៧,១%។ 


ចំណែកការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ២៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០០៣ រហូតដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៣។លើសពីនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ  ៤ពាន់ ៥រយលានដុល្លារអាមេរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ទៅកាន់ទីផ្សារ ១៧០ប្រទេស៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025