ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានព្យាករ ប្រាក់ចំណូលនៃឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នឹងកើនឡើង ១១% នៅឆ្នាំនេះ ដែលឈានដល់ជិត ៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
បើតាមការស្ទង់មតិដោយ របាយការណ៍របស់រដ្ឋាភិបាលវៀតណាម កាលពីខែកក្កដា ដល់ ខែសីហាឆ្នាំនេះ បានបង្ហាញថា អាជីវកម្ម ៦២% រំពឹងថា វិស័យឧស្សាហកម្មអាហារ និងភេសជ្ជៈ នឹងកើនឡើងពី ៥ ទៅ ១០% នៅឆ្នាំនេះ។ការណ៍នេះ គឺជាការកើនឡើងយ៉ាងខ្លាំងនៃ សុទិដ្ឋិនិយមអាជីវកម្ម អំពីទស្សនវិស័យនៃទីផ្សារ អាហារ និងភេសជ្ជៈ ដោយសញ្ញាសុទិដ្ឋិនិយមនេះ ក៏បណ្តាលមកពី ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ផងដែរ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកប្រើប្រាស់រហូតដល់ ៥២% ជឿថា ប្រាក់ចំណូលរបស់ពួកគេ នឹងប្រសើរឡើងបន្តិច ហើយ ២១%ទៀត នឹងប្រសើរឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ១២ខែបន្ទាប់។អ្នកប្រើប្រាស់ភាគច្រើននាពេលបច្ចុប្បន្ននេះ បន្ថែមពីលើការខ្វល់ខ្វាយអំពីតម្លៃ និងគុណភាពផលិតផល ថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ និរន្តរភាព សុវត្ថិភាពសុខភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។
ទន្ទឹមនឹងនេះ ភាពពេញនិយមនៃពាណិជ្ជកម្មអេឡិចត្រូនិក និងនិន្នាការទិញទំនិញអនឡាញ ក៏បានផ្លាស់ប្តូរការទិញលក់ផលិតផល ដោយបង្ខំឱ្យអាជីវកម្ម វិនិយោគលើបណ្តាញលក់ឌីជីថល ដើម្បីរក្សាអត្ថប្រយោជន៍នៃការប្រកួតប្រជែង។សូមជម្រាបថា កត្តាជំរុញជាច្រើនដែលគាំទ្រដល់ អាជីវកម្មក្នុងពេលអនាគត ទី ១ គឺការអភិវឌ្ឍន៍នៃពាណិជ្ជកម្មអេឡិចត្រូនិក និងកម្លាំងជំរុញទី ២ គឺបានមកពីការងើបឡើងវិញយ៉ាងខ្លាំងនៃ វិស័យទេសចរណ៍៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ