ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

មិនខ្វល់រឿងគេរិះគន់ថាអោយ ប៊ឺរី ញញឹមបិទមាត់មិនជិតពេលបណ្តើរ ម៉ាដាមដា  ចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក

១៦ កញ្ញា ២០២៤ | កម្សាន្ដ

Iមិនខ្វល់ពីការរិះគន់លើបណ្តាញសង្គម តារាសម្តែង ប៊ឺរី សប្បាយចិត្តញញឹមបិទមាត់មិនជិត ពេលបានបណ្តើរគូស្នេហ៍ ម៉ាដាម ដា ចូលរួមព្រឹត្តិការណ៍ធំមួយកាលពីយប់មិញនេះ។

 


 
ទោះបីជាការរិះគន់ផ្សេងៗពាក់ព័ន្ធចំណងស្នេហារវាង តារាសម្តែងរូបសង្ហា មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី និងអ្នកជំនួញស្រីល្បីឈ្មោះ ម៉ាដាម ដា នៅតែបន្តកើតមានលើបណ្តាញសង្គម ក៏តារាប្រុសរូបនេះមិនញញើតខ្លាចក្នុងការបណ្តើរគូស្នេហ៍ចូលរួមកម្មវិធីយ៉ាងធំសម្បើម ដែលរៀបចំឡើងនៅទីតាំង K Mall កាលពីល្ងាចថ្ងទី១៥ ខែកញ្ញា ម្សិលមិញនេះ។

 


 
តារាសម្តែងរូបនេះ ញញឹមបិទមាត់មិនជិតពេលបានបណ្តើរ ម៉ាដាម ដា ចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ថែមទាំងបានបង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករតាមអ្នកទាំងពីរ។

 


 

 ប៊ឺរី ថា លោកមិនខ្វល់ចំពោះការរិះគន់ទាំងឡាយណាលើបណ្តាញសង្គមនោះឡើយ ព្រោះលោកជឿថា មានតែសាម៉ីខ្លួន២នាក់ប៉ុណ្ណោះ ដែលដឹងច្បាស់ថារឿងវាបែបណា ហើយលោកក៏មិនខឹងអ្នករិះគន់ទាំងនោះឡើយ។ 

 

 

ផ្ទុយទៅវិញ លោកសប្បាយចិត្តហើយភ្ញាក់ផ្អើលខ្លាំងមែនទែនពេលឃើញអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់មករង់ចាំផ្លូវលោក និង ម៉ាដាម ប្រកបដោយស្នាមញញឹម និងក្តីស្រលាញ់យ៉ាងធំធេង។

 


 
ក្រឡេកទៅមើល លោកស្រី​ សៀន សូលីដា ឬគ្រប់គ្នាស្គាល់ថា ម៉ាដាម ដា ពិតជាស្រស់ស្អាតខ្លាំងក្នុងឈុតរ៉ូបពណ៌ទឹកប៊ិច ជាមួយស្នាមញញឹមផ្អែមល្ហែមពេលគូស្នេហ៍បណ្តើរចូលរួមកម្មវិធីក្រុមហ៊ុនរបស់ខ្លួន។ 

 

លោកស្រីឱ្យដឹងថា នេះជាកម្មវិធីដ៏ធំប្រចាំឆ្នាំ ដែលផ្តល់ទាំងសំណាង និងភាពស្រស់ស្អាតដល់អតិថិជន ហើយគោលបំណងមួយទៀត ក៏ដើម្បីប្រមូលថវិកាដែលទទួលបានពីការលក់ទៅបរិច្ចាគជូនមន្ទីរពេទ្យ២ផ្សេងគ្នា គឺ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា។ លើសពីនេះ ម៉ាដាម ក៏មានគម្រោងផែនការសម្រាប់ឆ្នាំថ្មី ដែលរួមបញ្ចូលទាំងគូស្នេហ៍រូបសង្ហា​ ប៊ឺរី ក្នុងការងារថ្មីផងដែរ។
 

សូមបញ្ជាក់ថា កំលោះសង្ហា ប៊ឺរី បានប្រកាសទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញស្រី ម៉ាដាម ដា កាលពីពេលថ្មីៗកន្លងទៅនេះ។ គូស្នេហ៍ថ្មីថ្មោងនេះ បណ្តើរគ្នាយ៉ាងផ្អែមល្ហែមទៅគ្រប់ទីកន្លែងដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ៕
 
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024