ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ការប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រីជប៉ុនថ្មីបានចាប់ផ្តើម

១២ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម (LDP) ដែលជាគណបក្សកាន់អំណាចនៅប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍(១២កញ្ញា) បានចាប់ផ្តើមជាផ្លូវការ ការប្រកួតប្រជែងពីបេក្ខជន៩រូបយកតំណែងនាយករដ្ឋមន្ត្រីជប៉ុន។ 

 

បេក្ខជនដែលបានឈ្នះកាន់តំណែងប្រធានគណបក្សកាន់អំណាច នៅថ្ងៃ២៧កញ្ញា នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន បន្តពី លោក នាយករដ្ឋមន្ត្រីជប៉ុនដែលមិនមានប្រជាប្រិយភាព Fumio Kishida។ សម្រាប់លោកKishida ការកាន់តំណែងរយៈពេល៣ឆ្នាំរបស់លោក បានហ៊ុំព័ទ្ធទៅដោយរឿងអាស្រូវ និងការចំណាយខ្ពស់លើថ្លៃជីវភាពដែលមិនថមថយចុះសោះ។ 

 

ការជ្រើសរើសមេដឹកនាំថ្មីនៅប្រទេសជប៉ុន ធ្វើឡើងនៅពេលប្រទេសជប៉ុនបង្កើនការចំណាយលើវិស័យការពារជាតិនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសម្ព័ន្ធមិត្តអាមេរិកដើម្បីទប់ទល់នឹងប្រទេសចិន។ 

 

នៅពេលយុទ្ធនាការរយៈពេល១៥ថ្ងៃចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ បេក្ខជននាយករដ្ឋមន្ត្រីទាំង៩រូប នឹងធ្វើយុទ្ធនាការថ្នាក់ជាតិ, ចូលរួមក្នុងកិច្ចពិភាក្សាដេញដោល,ថ្លែងសន្ទរកថា និងបញ្ចុះបញ្ចូលក្រុមគណបក្ស LDPក្នុងតំបន់។

 

ក្នុងចំណោមបេក្ខជនស្ត្រី២រូបមាន លោកស្រី Sanae Takaichi អាយុ៦៣ឆ្នាំ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច និងលោកស្រីYoko Kamikawa អាយុ៧១ឆ្នាំ រដ្ឋមន្ត្រីក្រសួងការបរទេស។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024