ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តផ្តល់គោលនយោបាយអនុគ្រោះនានា ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់កម្ពុជា

១២ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរ។ ខណៈរាជរដ្ឋាភិបាល ក៏បានជួយដល់ប្រជាពលរដ្ឋ ក្នុងការឧបត្ថម្ភជាសាច់ប្រាក់ និងការលើកលែង ឬបន្ធូរបន្ថយពន្ធអាករលើតម្លៃបន្ថែម ទៅលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ជាដើម។  ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

 


សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មក្នុងនោះរួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ និង ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។ 

 


សម្តេចធិបតី បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងបរិបទនៃសេដ្ឋកិច្ចមិនទាន់នឹងនរ រាជរដ្ឋាភិបាលបានជួយដល់ប្រជាពលរដ្ឋបន្ថែមនោះ គឺការឧបត្ថម្ភជាសាច់ប្រាក់ និងការលើកលែង ឬបន្ធូរបន្ថយពន្ធអាករ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់តាមរយៈវិស័យសង្គមកិច្ច ដែលកន្លងទៅមានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងប្រជាពលរដ្ឋរងសម្ពាធដោយវិបត្តិជំងឺកូវីដ-១៩ សរុបចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនិង ២លាន ៨សែននាក់ ដោយចំណាយអស់ថវិកាជាង ១.៤០០លានដុល្លារអាមេរិក។

 

 

រាជរដ្ឋាភិបាលបាន ផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការមិនយកពន្ធ ឬបន្ថយពន្ធ ដោយក្នុងនោះមាន ការលើកលែងពន្ធប្រចាំឆ្នាំលើដីកសិកម្ម ការលើកលែងពន្ធលើដីសម្បទានសេដ្ឋកិច្ចដែលពាក់ព័ន្ធនិងកសិកម្ម សហគ្រាសកសិកម្មដែលអាចសុំការអនុគ្រោះតាមគម្រោងមានលក្ខណៈគ្រប់គ្រាន់អនុគ្រោះពន្ធអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋលើការនាំចូល និងការផ្គត់ផ្គង់លើទំនិញមួយចំនួនដូចជា ជី ពូជដំណាំ ចំណីសត្វផ្សេងៗ ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ ជាដើម។ 

 


ក្នុងនោះផងដែរ កម្មវិធីគោលនយោបាយទាំងបីខាងលើនេះ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះ មានកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ សម្រាប់ការបញ្ជូនមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ថែមទាំងបានជ្រើសរើស និងបណ្តុះបណ្តាលបានប្រមាណ ២៥០នាក់រួចមកហើយ និងគ្រោងប្រឡងជ្រើសរើសបន្ថែមដល់ប្រមាណ ១០០០នាក់ទៀតនៅឆ្នាំក្រោយ។

 

 

ដើម្បីពន្លឿនការដាក់ពង្រាយមន្រ្តីកសិកម្មសម្រាប់ជួយផ្តល់បច្ចេកទេសកសិកម្ម ដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់ក្នុងការរៀបចំស្តង់ដា និងបង្កើនប្រសិទ្ធិភាព ដែលអាចកាត់បន្ថយថ្លៃដើមផលិត និងបង្កើនផលិតភាពដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២.០០០ ហិកតា ហើយក្នុងនោះ ក៏មានសហគមន៍សម្រាប់ផលិតកម្មស្រូវផងដែរ។ 

 


សូមជម្រាបថា ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានប្រជាពលរដ្ឋជាង ៥៦ម៉ឺនគ្រួសារ ក្រៅពីនោះក៍មានកម្មវិធីឧបត្ថមផ្សេងៗ ដូចជាការឧបត្ថមសាច់ប្រាក់ដល់ស្រី្តមានផ្ទៃពោះ និងកុមារមានអាយុក្រោមពីរឆ្នាំ។ ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុគ្រោះដល់វិស័យឯកជន ដូចជាការលើកលែង ឬបន្ធូរបន្ថយពន្ធអាករលើដីកសិកម្មជាដើម។

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024