ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យប្រជាកសិករ ឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យពលរដ្ឋងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារតែវាជាពូជស្រូវស្រាល មិនប្រកាន់រដូវ និងអាចដាំដុះបាន ២-៣ដងក្នុងមួយឆ្នាំ ជាពិសេស រោងម៉ាស៊ីនកិនស្រូវ និង សហព័ន្ធស្រូវអង្ករ បានប្ដេជ្ញាចិត្តលើកកម្ពស់ពូជស្រូវនេះ នៅលើទីផ្សារទាំងជាតិ និងអន្ដរជាតិ ដោយទទួលទិញពីប្រជាកសិករ ក្នុងតម្លៃខ្ពស់ជាងពូជផ្សេងៗ។
ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាស ពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។
ពូជស្រូវសែនក្រអូប០១ មានអាយុកាលចាប់ពីថ្ងៃសាបព្រោះ ដល់ថ្ងៃប្រមូលផលពីចន្លោះ ១១០-១១៥ថ្ងៃ ហើយមានកម្ពស់ដើមពី ១០៧-១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៤០គ្រាប់ និងមានប្រវែងកួរពី ២០-៣០សង់ទីម៉ែត្រ ហើយជារួម អាចផ្ដល់ផលពី ៤-៥តោនក្នុងមួយហិកតា។
ចំពោះការប្រមូលផលវិញ គេត្រូវប្រមូលនៅពេលគ្រាប់ទុំល្អ ដែលកួរស្រួវមានគ្រាប់ចាប់ពីពាក់កណ្ដាលកួរឡើងទៅ មានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្ដាលកួរចុះក្រោម មានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្កកវិញមានពណ៌ស្លាបសេកចាស់ ឬប្រមូលផលរយៈពេល ៣០ថ្ងៃក្រោយស្រូវចេញផ្កាបាន ៥០% ក្នុងស្រែទាំងមូល។លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្រូវសែនក្រអូបមានទីផ្សារល្អ ទាំងនៅប្រទេសថៃ អឺរ៉ុប និងទីផ្សារប្រទេសចិន។
នៅចុងឆ្នាំ២០២៣ ក្នុងឱកាសប្រកួត អង្ករសែនក្រអូបជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករដែលឆ្ងាញ់ ជាមួយគ្នានោះ លោក គង់ គា អំពាវនាវដល់ប្រជាកសិករ ឱ្យដាំដុះពូជខ្មែរ កុំពឹងទៅលើពូជនាំចូល ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ នៅពេលគេមិនទទួលទិញ។ ខណៈពូជស្រូវសែនក្រអូប០១ជាពូជរបស់ខ្មែរ និងមានទីផ្សារស្រាប់ទាំងនៅប្រទេសចិន និងអឺរ៉ុប។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករ បានសង្កេតឃើញថា អង្ករសែនក្រអូប០១ មានលក្ខណៈល្អ អង្ករក្រអូប និងបាយទន់ឆ្ងាញ់ពិសារ ទើបក្រសួងកសិកម្ម សម្រេចបញ្ចេញពូជស្រូវសែនក្រអូប០១ សម្រាប់កសិករប្រើប្រាស់ ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលធ្វើឱ្យពូជនេះ អាចចេញផ្កាបានគ្រប់ពេលវេលានៅពេលដែលលក្ខខណ្ឌដាំដុះអំណោយផល ដូចនេះ កសិករអាចដាំដុះបានទាំងនៅដើមរដូវវស្សា ក្នុងរដូវស្សា ចុងរដូវវស្សា ស្រូវប្រដេញទឹក និងលក្ខខណ្ឌប្រាំងស្រោចស្រពក៏អាចដាំបាន៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ