ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
យុវជន វ៉ាន់ដា បានប្រកបរបរលក់នំពុម្ពតាមរទេះ នៅម្តុំវិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញ។ ក្នុង ១ថ្ងៃ យុវជន វ៉ាន់ដា លក់នំពុម្ព បានជាង ១ពាន់នំ ក្នុងមួយថ្ងៃ ដែលអាចរកចំណូលបានប្រមាណ ៣០ ទៅ ៤០ម៉ឺនរៀល ក្នុងមួយថ្ងៃ។
លោក វ៉ាន់ដា មានទីកំណើតនៅក្នុងខេត្តកំពង់ចាម បានមកចាប់របរលក់នំពុម្ព នៅរាជធានីភ្នំពេញ និងកំពុងទទួលបានការគាំទ្រខ្លាំង។ បច្ចុប្បន្ននំរបស់លោក មានការពេញនិយមពីសំណាក់ពលរដ្ឋគ្រប់វ័យ ដែលស្ទើរតែចាក់ពុំទាន់។
ផ្តើមលក់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤ល្ងាច លោក វ៉ាន់ដា អាចលក់នំបានប្រមាណជាង ១ពាន់នំក្នុងមួយថ្ងៃ ឬប្រមាណ ៣០គីឡូម្សៅ។ នំរបស់លោកលក់នៅក្បែររបងវិទ្យាល័យបាក់ទូក ដែលក្នុងនំមួយលោកអាចលក់បានតម្លៃ ១ពាន់រៀល ហើយក្នុងមួយថ្ងៃលោកថា អាចរកបានប្រាក់ចំណេញប្រមាណ ៣០ទៅ៤០ម៉ឺនរៀល។
ចាប់ផ្តើមប្រកបរបរលក់នំពុម្ពនេះប្រមាណ ៧ឆ្នាំ លោក វ៉ាន់ដា ព្យាយាមបន្ថែមរសជាតិនំរបស់ខ្លួនឱ្យកាន់តែមានឱជារសកាន់តែឈ្ងុយឆ្ងាញ់ ដើម្បីធ្វើយ៉ាងណាអាចលក់បានបរិមាណកាន់តែច្រើនថែមទៀត។
ផ្តើមលក់ដំបូង លោក វ៉ាន់ដា ប្រើពុម្ពចំនួន ៤ និងលក់តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែក្រោយពីផ្លាស់ប្តូរទីតាំងលក់ និងមានសំទុះនៃការគាំទ្រច្រើន លោកបានបន្ថែមពុម្ពរហូតដល់ ៦ និងចាប់ផ្តើមបង្កើនបរិមាណនៃការលក់ផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យទាន់តាមតម្រូវការរបស់អ្នកទិញ។
បើទោះបីជាចាប់របរនេះរយៈពេល ៧ឆ្នាំហើយក្តី ប៉ុន្តែនំរបស់លោក ទើបតែមានអ្នកស្គាល់ច្រើនរយៈពេលមួយឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយការដែលមានអ្នកគាំទ្រច្រើនបែបនេះ ក៏អាចធ្វើឱ្យលោករកចំណូលបានច្រើន និងមានទឹកចិត្តក្នុងការពង្រីករបរមួយនេះបន្ថែមទៀត។ ទន្ទឹមនឹងសំទុះនៃការគាំទ្រនំរបស់លោកច្រើនបែបនេះ លោកក៏សម្តែងភាពរីករាយ និងផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រនំខ្មែរឱ្យបានច្រើន ជៀសវាងបាត់បង់ទៅថ្ងៃខាងមុខ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា