ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានដកមន្ត្រីនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក ក្រោយអសកម្មការងារ

២២ សីហា ២០២៤ | ព័ត៌មានជាតិ


រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានព្រមានដកមន្រ្តីនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក ក្រោយអសកម្មលើការងារដំឡើងឧបករណ៍តាមដានស្តង់ដារគុណភាពទឹក ដែលបង្ហូរចេញពីរោងចក្រចូល ស្ទឹង ទន្លេ និងសមុទ្រ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើគ្មានសមត្ថភាព ត្រូវសុំលាលែង មុននឹងលោកសម្រេចដកចោល។ 

 


ការព្រមានដកមន្រ្តីនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក ពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នេះបានធ្វើឡើងនៅពិធីប្រារព្ធទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ " កម្ពុជាស្អាត យើងអាចធ្វើបាន " នៅសួនច្បារតេជោមាស និងតេជោយ៉ត ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រយៈពេល២ខែមកហើយ ដែលឯកឧត្តម បានណែនាំឲ្យតម្លើងឧបករណ៍តាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ តាមរោងចក្រដែលបង្ហូរទឹកចូលទៅក្នុងប្រភពទឹកស្អាតដូចជា ស្ទឹង ទន្លេ និងសមុទ្រជាដើម ប៉ុន្តែបែរជាមិនធ្វើអី្វទាំងអស់។ 

 


ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបរិស្ថាន ដាច់ខាតត្រូវតែថែរក្សាឲ្យបាននូវសុខភាពបរិស្ថាន ទាំងលើដី ក្នុងទឹក និងលើអាកាស ដើម្បីប្រជាជនកម្ពុជា ហើយដើម្បីឲ្យពិភពលោកស្អាត ត្រូវតែស្អាតជាចេញពីកម្ពុជា។ ដោយឡែក នៅពេលសុខភាពបរិស្ថានល្អ នោះនឹងឲ្យសុខភាពមនុស្សក៏ល្អផងដែរ។

 


គួរបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃក្រសួងបរិស្ថាន មានតួនាទី និងភារកិច្ចអង្កេតតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពនៃតំបន់ទឹកសាធារណៈ រៀបចំស្តង់ដារបច្ចេកទេស សម្រាប់ការកសាងស្ថានីយសម្អាតទឹកលូទីប្រជុំជន ចូលរួមផ្តល់យោបល់ ជូនក្រសួងលើសំណើវិនិយោគបង្កើតស្ថានីយសម្អាតទឹកលូ ព្រងទាំងការសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយជាសាធារណៈ អំពីប្រភេទ កម្រិត និងភាពគ្រោះថ្នាក់នៃសារធាតុបំពុលដែលបានសាយភាយចូលក្នុងតំបន់ទឹកសាធារណៈ និងផលប៉ះពាល់ដល់សុខភាព។

 


កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅទីស្តីការក្រសួង ។ ការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ ក្នុងគោលដៅទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក ដើម្បីការពារបរិស្ថានទឹក ការពារសុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹក ការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាដើម៕
 

 

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025