ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ព្យុះទីហ្វុងGaemi ធ្វើឱ្យមនុស្សជិត៣សែននាក់នៅភាគខាងកើតប្រទេសចិនត្រូវជម្លៀស

២៦ កក្កដា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

អាជ្ញាធរ បានជម្លៀសមនុស្សជិត៣០០,០០០នាក់ និងបានផ្អាកសេវាកម្មដឹកជញ្ជូនសាធារណៈនៅទូទាំងតំបន់ភាគខាងកើតប្រទេសចិន នៅថ្ងៃសុក្រ(២៦កក្កដា)នេះ ខណៈព្យុះទីហ្វុងGaemi បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង។ ព្យុះទីហ្វុងGaemiបោកបក់លើប្រទេសចិន ក្រោយមនុស្ស២៥នាក់ស្លាប់នៅកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។


មុនបោកបក់ទៅដល់ប្រទេសចិន ព្យុះGaemi បានបោកបក់លើកោះតៃវ៉ាន់ បង្កឱ្យបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ហើយឆក់យកជីវិតមនុស្ស៣នាក់ ក្រោយពីព្យុះនេះ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅប្រទេសហ្វីលីពីនដែលមកដល់ពេលនេះនៅប្រទេសហ្វីលីពីនតួលេខមនុស្សស្លាប់ បានកើនឡើងដល់២២នាក់។ 

 

ព្យុះទីហ្វុងGaemi ជាព្យុះទីហ្វុងកម្លាំងខ្លាំងបំផុតដែលបោកបក់លើកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំ។

 

សារព័ត៌មានរដ្ឋចិនរាយការណ៍ថា ព្យុះបានថយចុះកម្លាំងនៅពេលបោកបក់ចូលទៅដល់ខេត្តFujian ប្រទេសចិននៅវេលាម៉ោងប្រហែល៨យប់ថ្ងៃព្រហស្បតិ៍។ 

 

អាជ្ញាធរចិន បានព្រមានថា ព្យុះទីហ្វុងGaemi  នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឱ្យមានទឹកជំនន់។  មនុស្ស ជិត៣សែននាក់នៅខេត្តFujian ត្រូវជម្លៀស ហើយអាជ្ញាធរបានបិទសេវាកម្មដឹកជញ្ជូនសាធារណៈ , ការិយាល័យធ្វើការងារ , សាលារៀន និងផ្សារនៅក្នុងទីក្រុងជាច្រើន។ 

 

មកដល់ពេលនេះ នៅប្រទេសចិន មិនទាន់មានការរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024