ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីបារាំងថ្មីលោកBarnier និយាយថា ប្រទេសបារាំងត្រូវការការគោរព និងឯកភាព

០៦ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

នាយករដ្ឋមន្ត្រីបារាំងដែលទើបតែងតាំងថ្មី លោក Michel Barnier នៅថ្ងៃព្រហស្បតិ៍ (៥កញ្ញា) បានសន្យាថា លោកនឹងធ្វើការឆ្ពោះទៅរកការគោរព និងការរួបរួមបន្ថែមទៀតនៅក្នុងប្រទេសដែលបែកបាក់គ្នាខាងនយោបាយ បន្ទាប់ពីមានចលាចលនយោបាយជាច្រើនខែមកនេះ។

 

«យើង នឹងត្រូវឆ្លើយតបឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ចំពោះបញ្ហាប្រឈមជាច្រើន មានការខឹងសម្បារ, ការរងទុក្ខ, អារម្មណ៍នៃការបំភ្លេចចោល, និងអយុត្តិធម៌»។ នេះជាការលើកឡើងរបស់លោកBarnier ក្នុងសន្ទរកថាដំបូងរបស់លោកនៅពេលចូលកាន់តំណែងនៅការិយាល័យឈរនៅទីធ្លាការិយាល័យនាយករដ្ឋមន្ត្រីបារាំងជិតលោកGabriel Attalអ្នកកាន់តំណែងមុន។

 

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងរូបនេះ បន្តថា  «​យើង​នឹង​ត្រូវ​ការ​ការ​ស្តាប់ឱ្យបាន​ច្រើន ការ​គោរព​ច្រើន»​។

 

នៅមុននេះ លោកEmmanuel Macron ប្រធានាធិបតីបារាំងបានតែងតាំងលោក​Barnier អតីតអ្នកចរចាររបស់សហភាពអ៊ឺរ៉ុបក្នុងករណីចក្រភពអង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុប ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង។ ចំពោះមុខងារថ្មីនេះ លោកមានភារកិច្ចបង្រួបបង្រួមប្រជាជាតិបារាំង និងបញ្ចប់ភាពចលាចលផ្នែកនយោបាយកើតឡើងបន្ទាប់ពីការបោះឆ្នោតមុនកំណត់។ 

 

លោកBarnier អាយុ៧៣ឆ្នាំ ជានាយករដ្ឋមន្ត្រីចាស់បំផុតនៅក្នុងប្រវត្តិនយោបាយទំនើបរបស់ប្រទេសបារាំង បន្តតំណែងពីលោកGabriel Attal ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត។ 
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024