ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

លោក ត្រាំ នឹងតែងតាំងលោក ម៉ាស ជាប្រធានគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាលបើលោកជាប់ឆ្នោត

០៦ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបង្កើតគណៈកម្មការវាយតម្លៃប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយមហាសេដ្ឋី លោក អេឡិន ម៉ាស ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា។

 


លោក ម៉ាស បានជួបសន្ទនាគា្នជាមួយលោក ត្រាំ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកកាលពីថ្ងៃទី១៩ ខែសីហា ដោយពេលនោះលោក ម៉ាស បានលើកជាគំនិតនៃការបង្កើតគណៈកម្មការនេះឡើង។ បន្ទាប់មក លោក ត្រាំ បានយកសំណើនេះទៅពិភាក្សាជាមួយជំនួយការរបស់លោកជាច្រើនសប្តាហ៍ ហើយនៅទីបំផុតលោកក៏បានយល់ព្រមតាមសំណើរបស់លោក ម៉ាស។

 

 

ថ្លែងក្នុងកិច្ចប្រជុំក្រុមដឹកនាំធុរកិច្ចនៅបុរីញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោកនឹងបង្កើតគណៈកម្មការវាយតម្លៃប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយលោក ម៉ាស ប្រសិនបើលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកមែននោះ។ លោក ត្រាំ បាននិយាយថា គណៈកម្មការនេះមានតួនាទីវាយតម្លៃពីប្រសិទ្ធភាពនៃការចំណាយមូលនិធិរបស់រដ្ឋាភិបាលសហព័ន្ធ ហើយនេះគឺជាលើកទីមួយហើយដែលលោក ត្រាំ បានគាំទ្រជាសាធារណៈនូវគំនិតបែបនេះ។

 

 

លោក ម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទន្ទឹងរង់ចាំបម្រើអាមេរិកជានិច្ច ប្រសិនបើឱកាសនេះកើតឡើងមែននោះ ហើយលោកមិនត្រូវការប្រាក់ខែ មិនត្រូវការតួនាទី និងមិនត្រូវការការទទួលស្គាល់ណាមួយនោះទេ។ សូមរំលឹកថា ពលរដ្ឋអាម៉េរិកនឹងធ្វើការជ្រើសរើសបេក្ខជននៃគណបក្សប្រជាធិបតេយ្យលោកស្រី ខាម៉ាឡា ហារីស និងបេក្ខជននៃគណបក្សសាធារណរដ្ឋលោក ត្រាំ ធ្វើជាប្រធានាធិបតីថ្មីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024