ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ធនាគារជាតិ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៦% នៅឆ្នាំ ២០២៤

២៦ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

នាឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៦% នៅឆ្នាំ ២០២៤នេះ ដោយកំណើនសេដ្ឋកិច្ច ត្រូវបានគាំទ្រជាចម្បងដោយ វិស័យកាត់ដេរ និងទេសចរណ៍ ខណៈវិស័យសំណង់ និងអចលន្រព្យ បន្តរងផលប៉ះពាល់។

 


លោកជំទាវ បន្តថា នៅឆមាសទី ១ ឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោក បានបន្តកើនឡើង ជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ ជាក់ស្តែង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ក្រុមហាម៉ាស នៅមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយ និងក្លាយជាឧបសគ្គដល់សន្ទុះការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពមិនច្បាស់លាស់លើ ការកើនឡើងនៃអតិផរណា។


សូមជម្រាបថា នៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ច និងនយោបាយពិភពលោក បន្តស្ថិតក្នុងស្ថានភាពមិន ប្រាកដប្រជា និងដើម្បីបន្តគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងការរួមចំណែករក្សាស្ថិរភាពថ្លៃ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការរក្សាបាននូវ ស្ថិរភាព និងការអភិវឌ្ឍនៃប្រព័ន្ធធនាគារដ៏មានទំនុកចិត្ត សម្រាប់វិនិយោគិននិងសាធារណជនទូទៅ សំដៅគាំទ្រការវិនិយោគ និងការប្រើប្រាស់៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024