ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន មានបំណងចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា 

០៦ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) ដឹកនាំដោយនាយកគ្រប់គ្រងទូទៅ លោក Yang Jie ដើម្បីពិភាក្សាអំពី បំណងរបស់ក្រុមហ៊ុនក្នុងការចូលរួម និងការវិនិយោគ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា កាលពីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ 

 


ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អវិស័យអាទិភាពទឹកស្អាតនេះ ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមពីវិស័យឯកជន។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី មានបំណងចង់ឲ្យ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ចូលរួមដេញថ្លៃ គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនានា ព្រមទាំងស្នើឱ្យក្រុមហ៊ុនគិតគូរ លើយុទ្ធសាស្រ្តមួយចំនួន ដូចជាការប្រមូលផ្តុំប្រតិបត្តិករឯកជនតួចៗ ដើម្បីទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន ឬ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដើម្បីផលិតទឹកដុំលក់ជូនរដ្ឋាករទឹកក្នុងតម្លៃប្រកួតប្រជែង។

 


ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសគម្រោងធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិតជាដើម។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានផ្តោតយ៉ាងសំខាន់ទៅលើវិស័យទឹកស្អាត ដែលបច្ចុប្បន្នមានរដ្ឋាករទឹកចំនួន ១១ និងប្រតិបត្តិករទឹកស្អាតឯកជនប្រមាណ ៤០០ក្រុមហ៊ុននៅទូទាំងប្រទេស។

 


ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានលើកឡើងថា ក្រុមហ៊ុនមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសចំនួន ៦៦ និងគម្រោងកំពុងដំណើរការចំនួន ៣៩១ ក្នុងទំហំទឹកប្រាក់កិច្ចសន្យាប្រមាណ ១៩,២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្រុមហ៊ុន មានអ្នកជំនាញ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយរំលេចនូវគម្រោងជោគជ័យនៅក្នុងតំបន់ទីក្រុងនៃប្រទេសមួយចំនួន។

 


សូមជម្រាបជូនថា  កម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានបង្ហាញការជឿជាក់លើភាពជាដៃគូដ៏រឹងមាំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិ ដើម្បីគ្រប់គ្រង់វិស័យនេះ ឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័ន ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត ឱ្យបានកាន់តែប្រសើរប្រកបដោយនិរន្តរភាព និងការលើកកម្ពស់របៀបវារៈបៃតង និងនវានុវត្តន៍របស់កម្ពុជា។
 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ   (Water sector)

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024