ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទុនសម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀតសម្រាប់វិស័យឯកជន ដែលរកស៊ីលើវិស័យស្រូវអង្ករនេះ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ។ ទន្ទឹមនឹងនេះ ការនាំចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋផងដែរ។រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
ក្រៅពីកត្តាទិន្នផល កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែល មានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ។ទន្ទឹមនឹងនេះ តាមរយៈគោលនយោបាយនេះ ក៏បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួនប្រមាណ ៤លានតោនដែលគិតជាទឹកប្រាក់បានចំនួនប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ដើម្បីជួយដល់វិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមាន ការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយលើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន វិធានការគោលនយោបាយហិរញ្ញប្បទាន និងឥណទានរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសរោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនលើសមត្ថភាពនៃការបំពាក់ឡសម្ងួត ដែលអាចសម្ងួតស្រូវបានចំនួន ៥០ពាន់តោនក្នុងមួយថ្ងៃ ឃ្លាំងស្តុកស្រូវបានចំនួន ២លានតោនក្នុងមួយវគ្គ បំពាក់បរិក្ខារកិនកែច្នៃអង្ករដែលមានភាព ទំនើប និងបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ដូចបណ្តាប្រទេសនានាដែលផលិតអង្ករសម្រាប់កិនកែច្នៃ និងនាំចេញផងដែរ។
សូមជម្រាបថា រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំនៅទូទាំងប្រទេសមានចំនួនប្រមាណ ២៧០ទីតាំង ដែលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវចំនួន ៨០មានសមត្ថភាព និងបំពាក់បរិក្ខារគ្រប់គ្រាន់តាមបទដ្ឋាននាំចេញ និងមានសមត្ថភាព កិនកែច្នៃសម្រាប់បម្រើការនាំចេញបានចំនួនប្រមាណ ១ពាន់ ២រយតោន ក្នុងមួយម៉ោង ឬ ១ម៉ឺន ២ពាន់តោនក្នុងមួយថ្ងៃ ឬ ៣លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ គោលដៅទីផ្សារនាំចេញស្រូវអង្ករ បានកើនពីចំនួន ៣៥ គោលដៅ នៅឆ្នាំ២០១០ រហូតដល់ជាង ១២១ គោលដៅ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០២៣ និងបានធ្វើឱ្យអង្ករកម្ពុជាទទួលបានការទទួលស្គាល់ពេញពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេរបស់អង្ករពូជស្រូវផ្ការំដួលចំនួន ៥ដង គឺឆ្នាំ២០១២ -២០១៣ ២០១៤-២០១៨ និង២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវសែនក្រអូបពីប្រទេសចិននាឆ្នាំ២០២៣៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ