ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ៦ខែ ក្នុងការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្ដីប្រកាសជូនដំណឹងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងកំពុងតែធ្វើការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក។ ដែលកន្លងមក ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនបានប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដដែល បានឲ្យដឹងបន្ថែមថា ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់គ្រឿងក្នុងផ្សេងៗទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឲ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតបានទាំងស្រុង ក្នុងនោះមាន ដូចជា ថ្លើមនៃសត្វមាន់បង្កក សាច់និងគ្រឿងក្នុង (Offial) បង្កកផ្សេងទៀត នៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។
បន្ថែមពីលើនេះ ការហាមឃាត់ការនាំចូលសាច់បង្កក ក្នុងរយៈពេល ៦ខែនេះ គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ តែវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។
សូមជម្រាបថា ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានរកឃើញថា គ្រឿងក្នុង និងសាច់បង្កករាប់រយតោន នៅរាជធានីភ្នំពេញ គ្មានច្បាប់អនុញ្ញាត ដែលនឹងបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ ជាពិសេសអ្នកបរិភោគដោយផ្ទាល់។ ទន្ទឹមនឹងនោះ បើយោងតាមសេចក្តីប្រកាសខាងលើ វិធានការនេះ ដោយយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ