ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

វៀតណាម ស្វាគមន៍សហគ្រាសវិនិយោគថ្មីជាង ១១ម៉ឺនស្ថាប័ន ក្នុងរយៈពេល ៨ខែ

១៣ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម ទទួលបាននូវ សហគ្រាសវិនិយោគថ្មីចំនួន ១១ម៉ឺនស្ថាប័ន ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៤នេះ ដែលតួលេខនេះមានការកើនឡើង ៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។អគ្គនាយកការិយាល័យស្ថិតិវៀតណាម បានគូសបញ្ជាក់ថា វៀតណាម ទទួលបាននូវ សហគ្រាសវិនិយោគថ្មីចំនួន ១១ម៉ឺនស្ថាប័ន ក្នុងរយៈពេល ៨ខែ ដែលមានដើមទុនចុះបញ្ជីសរុប ៤០ពាន់លានដុល្លារអាមេរិក។

 


ក្នុងអំឡុងពេល ៨ខែនេះ ក្រុមហ៊ុន ៥ម៉ឺន ៧ពាន់ស្ថាប័ន បានបើកដំណើរការ និងប្រតិបត្តិការឡើងវិញ នៅទូទាំងប្រទេស ដែលបាននាំឱ្យចំនួនសហគ្រាសដែលទើបបង្កើត និងបើកដំណើរការឡើងវិញសរុបមានរហូតដល់ ១៦ម៉ឺន ៨ពាន់ស្ថាប័ន។យ៉ាងណាមិញ មានអាជីវកម្មចំនួន ៨ម៉ឺនស្ថាប័ន បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនេះ។

 


ដោយឡែកក្នុងខែសីហា វៀតណាម ទទួលបានក្រុមហ៊ុនចុះបញ្ជីបង្កើតថ្មី ១ម៉ឺន ៣ពាន់ស្ថាប័ន ដែលមានដើមទុនចុះបញ្ជីជាង ៥ពាន់លានដុល្លារអាមេរិក។សូមបញ្ជាក់ដែរថា វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងស្វាគមន៍សហគ្រាសចំនួន ២៣ម៉ឺនបន្ថែមទៀត ទាំងសហគ្រាសទើបបង្កើតថ្មី និងសហគ្រាសដែលបើកដំណើរការឡើងវិញ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024