ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អគ្គនាយក CSX៖ វិស័យមូលបត្រ អាចជំរុញសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនអស់លទ្ធភាព

០៦ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា គូសបញ្ជាក់ថា វិស័យមូលបត្រកម្ពុជា នៅពេលដែលរីកចម្រើនក្លាយជាវិស័យមួយធំ គឺអាចជួយគាំទ្រ និងជំរុញដល់សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនអស់លទ្ធភាព។

 

 

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចជាតិរបស់ប្រទេសមួយ មិនអាចរីកចម្រើនអស់សក្តានុពលបានឡើយ បើសិនវិស័យមូលបត្រ មិនមានភាពរីកចម្រើន ដូច្នេះហើយ ភាពរីកចម្រើននេះ ទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងវិស័យនេះ ដើម្បីផ្តល់ជាផលប្រយោជន៍ដល់ សេដ្ឋកិច្ចប្រទេសទាំងមូល។

 


ឯកឧត្តម បន្តថា នៅពេលវិស័យមូលបត្រ រីកចម្រើនខ្លាំង វានឹងធ្វើឱ្យ ក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មទាំងអស់ អាចមកស្វែងរកប្រភពទុនវិនិយោគបន្ថែមបានច្រើន ពីទីផ្សារមូលបត្រ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬយកទៅបង្កើតអាជីវកម្មថ្មីៗ ដែលធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ច កាន់តែសម្បូរបែបសម្រាប់ ប្រជាពលរដ្ឋ។

 


ទន្ទឹមគ្នានេះ ឯកឧត្តម ហុង សុហួរ ពន្យល់ថា បច្ចុប្បន្ន វិស័យមួយនេះ មានភាពរីកចម្រើនយឺតជាងប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមូលបត្រកម្ពុជា គឺមានសន្ទុះរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។

 


គិតចាប់តាំងពីចុងឆ្នាំ ២០១៨មក វិស័យមូលបត្រកម្ពុជា ទទួលបានការចាប់អារម្មណ៍ពី វិនិយោគិនយ៉ាងគំហុក ដោយទំហំជួញដូរប្រចាំថ្ងៃ មានទំហំទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លារអាម៉េរិក ហើយបន្តកើនឡើងខ្លាំងនៅឆ្នាំ ២០១៩ ដែលទំហំជួញដូរភាគហ៊ុនជាមធ្យម បានឡើងដល់ ១៥ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ ខណៈឈានដល់ជាង ២៥ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០២០។

 


ជាក់ស្តែង ទំហំនៃការជួញដូរក្នុងផ្សារមូលបត្រប្រចាំថ្ងៃជាមធ្យម ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤នេះ បានកើនឡើងដល់ជាង ១៥ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃ ខណៈវិនិយោគិនសរុប មានជាង ៥ម៉ឺនគណនី។គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៣ ដែលក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីជាភាគហ៊ុន និងចំនួន ១២ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ដោយបានកៀរគរទុនពីទីផ្សារមូលបត្រជិត ៤០០លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត (CSX Economic) 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024