ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

សហព័ន្ធឧស្សាហកម្មថៃ ព្រមានបញ្ហាដំឡើងថ្លៃអគ្គិសនី អាចបាត់បង់វិនិយោគិនបរទេស

២៦ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

សហព័ន្ធឧស្សាហកម្មថៃ បានព្រមានថា ប្រទេសថៃ នឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង សម្រាប់ការវិនិយោគបានទេ ប្រសិនបើរាជរដ្ឋាភិបាលថៃ ដំឡើងអត្រាថ្លៃអគ្គិសនី។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពី ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ នៃក្រុមវិជ្ជាជីវៈចំនួន ៣ ចង់ឱ្យរាជរដ្ឋាភិបាលថៃ កាត់បន្ថយអត្រាថាមពលអគ្គិសនីបន្ថែមទៀត ប៉ុន្តែការិយាល័យគណៈកម្មាធិការគ្រប់គ្រងថាមពល បានប្រកាស អត្រាតម្លៃអគ្គិសនីនឹងត្រូវកើនឡើង។

 


ប្រធានសហព័ន្ធឧស្សាហកម្មថៃ លើកឡើងថា អត្រាបច្ចុប្បន្នជាង ៤បាតក្នុងមួយឯកតា នៃការប្រើប្រាស់អគ្គិសនី បានធ្វើឱ្យប្រទេសថៃ មានគុណវិបត្តិរួចទៅហើយ ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។

 


លោកបានព្រមានថា ប្រសិនបើអត្រាថាមពល ត្រូវបានដំឡើង ដូចបានប្រកាសដោយការិយាល័យខាងលើ នោះប្រទេសថៃ ច្បាស់ជាបាត់បង់ឱកាសក្នុងការទាញយក ការវិនិយោគពីបរទេសដោយផ្ទាល់។

 


បច្ចុប្បន្ន តម្លៃផលិតនៅប្រទេសថៃ គឺខ្ពស់ជាងប្រទេសជិតខាងរួចទៅហើយ ជាក់ស្តែងការចំណាយនៅប្រទេសវៀតណាម និងឥណ្ឌូណេស៊ី គឺទាបជាងទីនេះ។
លើសពីនេះ ចំណាត់ថ្នាក់របស់ប្រទេសថៃក្នុងចំណោមប្រទេសអាស៊ាន ដែលមាន ការវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុត បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៣ ឬទី ៤ ទៅលេខ ៦ រួចហើយ។


ទន្ទឹមគ្នានេះ សហគ្រាសធុនតូច និងមធ្យមជា ច្រើនបានបិទទ្វាររួចហើយ ដោយសារពួកគេមិនអាចទប់ទល់នឹងការកើនឡើងនៃថ្លៃដើម និងការប្រកួតប្រជែងពីទំនិញថោកជាងពី ប្រទេសចិន។


សូមជម្រាបថា ការិយាល័យគណៈកម្មាធិការគ្រប់គ្រងថាមពល បានពន្យល់ថា ការិយាល័យត្រូវសងបំណុលទៅ អាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ ហើយការិយាល័យ នឹងស្នើជម្រើស ៣ ដល់រាជរដ្ឋាភិបាលដើម្បីពិចារណា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024