ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ឆមាសទី ១ វៀតណាម សម្រេចកំណើននាំចេញទុរេន ៤៥%

២៦ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

បើតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៤នេះ ប្រទេសវៀតណាម បាននាំចេញទុរេនក្នុងទំហំទឹកប្រាក់ ១ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ៤៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

អគ្គនាយកដ្ឋានគយវៀតណាម បានរាយការណ៍ថា ការនាំចេញទុរេន មានចំណែក ៦៥% នៃការនាំចេញផ្លែឈើទាំងអស់ ក្នុងអំឡុងពេលនេះ ហើយកំពុងមានការពេញនិយម កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារសំខាន់ៗជាច្រើន។ប្រទេសចិន ជាប្រទេសនាំចូលធំជាងគេដែលមានចំនួនជាង ៩២% នៃការនាំចេញទុរេនរបស់វៀតណាម។

 


ប្រទេសថៃ គឺជាទីផ្សារធំទី ២ សម្រាប់ទុរេនវៀតណាម ជាមួយនឹងការនាំចេញកើនឡើង ៩០% ដល់ ៤៧លានដុល្លារអាមេរិក។អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បានរំពឹងថា ការនាំចេញទុរេន នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី ២ ដែលជំរុញដោយការប្រមូលផលផ្លែឈើនៅតំបន់ខ្ពង់រាបភាគកណ្តាល ពីខែកក្កដាដល់ ខែតុលា។

 


លើសពីនេះ វៀតណាម និងចិន បានបញ្ចប់ការចរចា ហើយនឹងចុះហត្ថលេខាលើ ពិធីសារ សម្រាប់ការនាំចេញទុរេនក្លាសេ ក្នុងពេលឆាប់ៗនេះ។ជាចុងក្រោយ សមាគមផ្លែឈើ និងបន្លែវៀតណាម រំពឹងថាការនាំចេញទុរេន ក្នុងឆ្នាំនេះ នឹងឈានដល់ ៣ពាន់លានដុល្លារអាមេរិក៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024